
អន្តរខេត្ត៖ មន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៧កុម្ភៈនេះ បានបង្ហាញរបាយការណ៍សន្ទស្សន៍ខ្យល់ពុលលើខេត្តបន្ទាយមានជ័យ និងកំពង់ចាមមាន«កម្រិតមធ្យម» ខណៈខេត្តព្រះវិហារ សៀមរាប ពោធិ៍សាត់ មានការបំពុលកម្រិតស្រាល។ យ៉ាងណា មន្រ្តីបរិស្ថាន បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ពីសកម្មភាពផ្សេងៗ…។

មន្រ្តីបរិស្ថាន គូសបញ្ជាក់យ៉ាងដូច្នេះថា៖ សូមបញ្ឈប់ការដុតវាលស្មៅ ដុតសំណល់កសិកម្ម ការដុតរានដីព្រៃ ដុតគល់ជញ្រ្ជាំងស្រូវ ដុតសំរាម សំណល់រឹង សំណល់ប្លាស្ទិកនៅទីចំហ ឬដុតកម្ទេចក្រណាត់ ដ្បិតទង្វើខាងលើទាំងអស់នេះ ជាដើមចមបង្កឱ្យមានខ្យល់ពុល។ ជាមួយគ្នា ក៏មានមូលហេតុផ្សេងទៀតភ្ជាប់នឹងការបំពុលខ្យល់នេះដែរ នោះគឺ ការបញ្ចេញផ្សែងពីយានយន្ត, ការបញ្ចេញផ្សែងពីរោងចក្រ, ធូលីហុយចេញពីការដ្ឋានសំណង់ និងការឆេះសំណល់ទីលានចាក់សំរាម។ល។ សូមជម្រាបថា បើផ្អែកតាមទិន្នន័យក្រសួង ខេត្តបន្ទាយមានជ័យ និងកំពង់ចាម ស្ថិតនៅពណ៌ទឹកក្រូច មានន័យថា «ការបំពុលកម្រិតមធ្យម»។ អ្នកមានសុខភាពខ្សោយ គួរកាត់បន្ថយការចេញក្រៅ ឬប្រើប្រាស់ឧបករណ៍ការពារផ្លូវដង្ហើម ប្រសិនបើចាំបាច់។ ករណីមានអាការដូចជា ក្អក ពិបាកដកដង្ហើម ឈឺទ្រូង ឈឺក្បាល ចង្វាក់បេះដូងលោតខុសប្រក្រតី ក្អួតចង្អោរ អស់កម្លាំង ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ។

រីឯខេត្តព្រះវិហារ សៀមរាប ពោធិ៍សាត់ ស្ថិតក្នុងពណ៌លឿង បញ្ជាក់ថា គុណភាពខ្យល់ «បំពុលកម្រិតស្រាល»។ ចំពោះមនុស្សទូទៅអាចធ្វើសកម្មភាពចេញក្រៅផ្ទះបានជាធម្មតា ប៉ុន្តែអ្នកមានសុខភាពទន់ខ្សោយ ដែលមានអាការដូចជា ក្អក ពិបាកដកដង្ហើម រលាកភ្នែក ត្រូវកាត់បន្ថយការចេញខាងក្រៅ និងកុំចំណាយពេលនៅក្រៅគេហដ្ឋានយូរពេក។ ដោយទ្បែក រាជធានីភ្នំពេញ ខេត្តបាត់ដំបង កំពង់ស្ពឺ កំពង់ធំ កណ្តាល កោះកុង ស្ទឹងត្រែង ស្វាយរៀង ឧត្តរមានជ័យ កែប ប៉ៃលិន កំពង់ឆ្នាំង រតនគិរី ព្រៃវែង កំពត ក្រចេះ ព្រះសីហនុ មណ្ឌលគិរី និងខេត្តត្បូងឃ្មុំ គុណភាពខ្យល់«ល្អ» ខណៈ ខេត្តតាកែវ ការវាស់កម្រិតខ្យល់នៅតែមិនដំណើរការទេ៕





