
រាជធានីភ្នំពេញ៖ មន្រ្តីក្រសួងបរិស្ថាន នៅព្រឹកពុធថ្ងៃទី១១កុម្ភៈនេះ បង្ហាញថា ខ្យល់ពុលកម្រិតស្រាល កំពុងគ្របដណ្ដប់លើខេត្តចំនួន៦របស់កម្ពុជា ដូចជា ខេត្តបន្ទាយមានជ័យ ព្រះវិហារ សៀមរាប កំពង់ចាម កណ្តាល និងខេត្តពោធិ៍សាត់ ដូចនេះសូមបងប្អូនថែរក្សាសុខភាព…។

មន្រ្តីបរិស្ថាន អះអាងថា ចាប់ពីម៉ោង៧ព្រឹកថ្ងៃទី១០ដល់ម៉ោង៧ព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យម៣៧,៣១មិល្លីក្រាមក្នុងមួយម៉ែត្រគូបខ្យល់ ធៀបនឹងស្ដង់ដារ៥០មិល្លីក្រាមក្នុងមួយម៉ែត្រគូបខ្យល់ និងគិតជាសន្ទស្សន៍គុណភាពខ្យល់«ល្អ» ប៉ុន្តែយ៉ាងណា ផ្អែកលើទិន្នន័យខាងលើបង្ហាញថា ខេត្តចំនួន៦ ស្ថិតក្នុងពណ៌លឿង មានន័យថា គុណភាពខ្យល់មានកម្រិតបំពុល«ស្រាល»។ ចំពោះមនុស្សទូទៅនៅតែអាចធ្វើសកម្មភាពចេញក្រៅផ្ទះបានជាធម្មតា ប៉ុន្តែអ្នកមានសុខភាពទន់ខ្សោយ កំពុងមានអាការដូចជា ក្អក ពិបាកដកដង្ហើម រលាកភ្នែក ត្រូវកាត់បន្ថយការចេញខាងក្រៅ និងកុំចំណាយពេលនៅយូរពេក។

មន្រ្តីបរិស្ថានបន្ថែមថា សម្រាប់រាជធានីភ្នំពេញ ខេត្តបាត់ដំបង កំពង់ស្ពឺ កំពង់ធំ កោះកុង ស្ទឹងត្រែង ប៉ៃលិន និងខេត្តកែប នៅក្នុងពណ៌បៃតង បញ្ជាក់ថា«គុណភាពខ្យល់ល្អ»។ ចំណែក ខេត្តកំពង់ឆ្នាំង រតនគិរី កំពត ព្រៃវែង ក្រចេះ ព្រះសីហនុ ស្វាយរៀង មណ្ឌលគិរី ឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ នៅក្នុងពណ៌ខៀវ មានន័យថា គុណភាពខ្យល់ «ល្អណាស់»។ រីឯ ខេត្តតាកែវ មន្រ្តីជំនាញបរិស្ថាននៅតែបញ្ជាក់ពីការវាស់កម្រិតខ្យល់ មិនដំណើរការទេ៕





