បងប្អូនរស់នៅរាជធានី-ខេត្ត៣នេះ សូមថែរក្សាសុខភាព ខ្យល់ពុលមិនទាន់ទៅណាឆ្ងាយទេ
S
Sreyleak Yith
30 មករា 2026 04:00 AM

រាជធានីភ្នំពេញ៖ មន្រ្តីនៃក្រសួងបរិស្ថាន នៅថ្ងៃទី៣០មករានេះ ព្យាករឃើញថា រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្តកណ្តាល បន្តមានខ្យល់ពុលកម្រិតស្រាល។ ចំពោះមនុស្សទូទៅនៅតែអាចធ្វើសកម្មភាពចេញក្រៅផ្ទះ បានជាធម្មតា ប៉ុន្តែអ្នកមានសុខភាពទន់ខ្សោយ កំពុងមានអាការដូចជា ក្អក ពិបាកដកដង្ហើម រលាកភ្នែក ត្រូវកាត់បន្ថយការចេញខាងក្រៅ និងកុំចំណាយពេលនៅយូរពេក…។

មន្រ្តីបរិស្ថាន អះអាងយ៉ាងដូច្នេះថា៖«[..]ចាប់ពីម៉ោង៧ព្រឹកថ្ងៃទី២៩ ដល់ម៉ោង៧ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យម៣៣,៩៦មិល្លីក្រាមក្នុងមួយម៉ែត្រគូបខ្យល់ ធៀបនឹងស្ដង់ដារ៥០មិល្លីក្រាមក្នុងមួយម៉ែត្រគូបខ្យល់ និងគិតជាសន្ទស្សន៍គុណភាពខ្យល់នៅស្ទើរទូទាំងប្រទេស គឺល្អ[..]»។ តែយ៉ាងណា ផ្អែកទៅលើតារាងសន្ទសន៍ ឃើញថា ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ស្ថិតក្នុង​ពណ៌លឿង បញ្ជាក់ថា គុណភាពខ្យល់មានកម្រិតបំពុល«ស្រាល»។ 

ចំណែកខេត្តបាត់ដំបង កំពង់ចាម កំពង់ស្ពឺ កោះកុង ព្រះវិហារ ពោធិ៍សាត់ សៀមរាប ស្ទឹងត្រែង កែប ឧត្តរមានជ័យ និងខេត្តប៉ៃលិន នៅក្នុងពណ៌ខៀវ ​​​​​​​មានន័យថា «គុណភាពខ្យល់ ល្អណាស់»។ ជាមួយគ្នានេះ ខេត្តកំពង់ឆ្នាំង កំពត​ ព្រៃវែង ក្រចេះ កំពង់ធំ រតនគិរី ស្វាយរៀង ព្រះសីហនុ មណ្ឌលគិរី និងខេត្តត្បូងឃ្មុំ ស្ថិតនៅក្នុងពណ៌បៃតង មានន័យថា«គុណភាពខ្យល់ល្អ»។ ដោយទ្បែក ខេត្តតាកែវ មន្រ្តីជំនាញបរិស្ថាននៅតែបញ្ជាក់ពីការវាស់កម្រិតខ្យល់មិនដំណើរការទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត