
រាជធានីភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥មករា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានណែនាំឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្តជួយកៀរគរអ្នកវិនិយោគឱ្យបានច្រើន ពិសេស ការវិនិយោគក្នុងទំហំទុនក្រោម៥លានដុល្លារ…។

លោកឧបនាយករដ្ឋមន្រ្តី ថ្លែងថា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើរទាក់ម៉ូយអ្នកវិនិយោគបាន៦៣០គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ១០ពាន់លានដុល្លារអាម៉េរិក ខណៈឆ្នាំ២០២៤កន្លងទៅ មានត្រឹមតែជាង៤០០គម្រោងប៉ុណ្ណោះ។ ជាទិសដៅទៅមុខ ទន្ទឹមនឹងការដើរទាក់ម៉ូយស្វែងរកអ្នកវិនិយោគនៅកម្ពុជា ពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តការកៀរគរធុរជនឱ្យវិនិយោគនៅតាមមូលដ្ឋាន ជាពិសេស ការវិនិយោគក្នុងទំហំទុន៥លានដុល្លារចុះក្រោម ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានការងារធ្វើ ស្របទៅតាមការចង់បានរបស់រាជរដ្ឋាភិបាល។

ក្រៅពីទាក់ទាញអ្នកវិនិយោគ លោកឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំបន្ថែមឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តខិតខំពង្រឹងស្ថិរភាពនយោបាយ បន្តថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលដ្ឋ ទប់ស្កាត់ព័ត៌មានក្លែងក្លាយ បំភ្លើសការពិត នាំអាប់ឱនមុខមាត់ជាតិ បន្តទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេស ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ ត្រូវបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា៖ ផ្លូវ លូ ប្រឡាយ សួនច្បារ និងធ្វើអនាម័យបរិស្ថាន ការងារមនុស្សធម៌ ការងារសង្គ្រោះ និងដោះស្រាយគ្រោះមហន្តរាយជាដើម។ លោកបន្ថែមថា មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវធ្វើជាអ្នកបម្រើប្រជាជនដោយស្មោះត្រង់៕





