
រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨កក្កដានេះ បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ពិសេសបុគ្គលធ្វើអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក(ភក់បង្គន់) ត្រូវទៅដាក់ពាក្យស្នើសុំអាជ្ញាបណ្ណមុនធ្វើប្រតិបត្តិការ។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីការបញ្ចេញសំណល់ភក់បង្គន់មានការកើនឡើងយ៉ាងឆាប់រហ័ស ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ...។

បើតាមរដ្ឋបាលរាជធានីដដែល កំណើនប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅរាជធានីភ្នំពេញ គឺជាកត្តាធំដែលធ្វើឱ្យមានការកើនឡើងខ្លាំងនូវសំណល់ភក់បង្គន់ក្នុងទីក្រុង។ ហេតុនេះរដ្ឋបាលរាជធានីភ្នំពេញ ណែនាំដល់បុគ្គលមានបំណងធ្វើអាជីវកម្មពាក់ព័ន្ធត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្របតាមច្បាប់ជាមុន ដើម្បីលើកកម្ពស់សុខុមាលភាពសាធារណៈ អនាម័យបរិស្ថាន សោភ័ណភាព សណ្តាប់ធ្នាប់ល្អ គ្មានការបំពុល និងជាទីក្រុងបៃតង។ តាមច្បាប់ អាជ្ញាបណ្ណបូមស្តារសំណល់ភក់ពីអាងសិបទិក នឹងត្រូវផ្ដល់ជូនដោយមិនយកកម្រៃ ហើយមានសុពលភាពរយៈពេល១ឆ្នាំ។

ក្រោយទទួលបានអាជ្ញាបណ្ណបូមស្តារសំណល់ភក់ពីអាងសិបទិក ប្រតិបត្តិករមានសិទ្ធិធ្វើអាជីវកម្ម បូមស្តារដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក នៅស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ ដែលមានទីតាំងស្ថិតនៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ និងទីតាំងផ្សេងទៀតដែលកំណត់ដោយរដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងករណីអាជ្ញាបណ្ណផុតកំណត់ប្រតិបត្តិករ ក៏អាចស្នើសុំបន្តជាថ្មីបានក្នុងកំលុងពេល៣០ថ្ងៃមុនពេលផុតសុពលភាពផងដែរ។

គួរជម្រាបបន្ថែមថា ប្រតិបត្តិករបូមស្តារសំណល់ភក់ពីអាងសិបទិក នឹងត្រូវព្យួរ ឬដកហូតអាជ្ញាបណ្ណ ក្នុងករណីប្រព្រឹតផ្ទុយពីច្បាប់។ សកម្មភាពផ្ទុយពីច្បាប់នោះរួមមាន៖ ចាក់ចោលសំណល់ភក់មិនគោរពនូវវិធានការបទដ្ឋានបច្ចេកទេស សុវត្ថិភាព និងអនាម័យ, ដឹកជញ្ជូនលេចធ្លាយតាមដងផ្លូវ និងទីសាធារណៈ, ឈប់រថយន្តដឹកជញ្ជូនសំណល់តាមដងផ្លូវគ្មានសណ្តាប់ធ្នាប់, បូមស្តារដោយគ្មានឧបករណ៍សុវត្ថិភាព និងមិនគោរពតាមវិធានការបច្ចេកទេសដែលបានកំណត់, បញ្ចេញចោលនូវវត្ថុធាតុផ្សេងក្រៅពីសំណល់ភក់ពីអាងសិបទិកនៅស្ថានីយប្រព្រឹត្តកម្ម សំណល់ភក់បង្គន់៕







