
រាជធានីភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី បញ្ជាក់ថា រដ្ឋបាលរាជធានីគ្រោងរៀបចំទីតាំងស្តង់ម្ហូបអាហារ ការប្រគំតន្ត្រី ការគូរគំនូរ កន្លែងលេងសៀករហ័សកម្មផ្សេងៗ ដើម្បីបម្រើដល់ភ្ញៀវទេសចរដែលមកដើរលេងកម្សាន្តនៅផ្លូវថ្មើរជើង មានទីតាំង តាមបណ្តោយមាត់ទន្លេចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង(ផ្លូវលេខ២៤០)…។

ថ្លែងក្នុងពេលចុះពិនិត្យដំណើរការសាកល្បងនៃគម្រោងផ្លូវថ្មើរជើង (walk street) កាលពីល្ងាចថ្ងៃទី០១កុម្ភៈ ឆ្នាំ២០២៥ លោក ឃួង ស្រេង បញ្ជាក់ថា ប្រទេសកម្ពុជាកំពុងត្រៀមខ្លួនចេញពីប្រទេសដែលក្រីក្រ និងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ដូច្នេះ ទើបរាជធានីភ្នំពេញរៀបចំខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជម្រើសក្នុងការដើរលំហែកាយ ហាត់ប្រាណ ទទួលបាននូវផាសុខភាពល្អ ព្រោះពួកគាត់មានជីវភាពធូរធាមួយកម្រិតហើយ។

ពាក់ព័ន្ធនឹងគម្រោងផ្លូវថ្មើរជើងនេះ លោក ឃួង ស្រេង ថា រដ្ឋបាលរាជធានី បានគិតគូររួចហើយ ប៉ុន្តែដោយសារស្ថានភាពជំងឺកូវីដ-១៩ គម្រោងនេះត្រូវបានផ្អាក។ តែពេលនេះ គម្រោងត្រូវបានបង្កើតឡើងវិញ និងបានដាក់ឱ្យដំណើរការសាកល្បង។ លោកគូសបញ្ជាក់ថា៖«ពាក់ព័ន្ធនឹងការរៀបចំស្តង់លក់ម្ហូបអាហារ ដើម្បីបម្រើដល់ភ្ញៀវជាតិ អន្តរជាតិ ដែលមកដើរលេងកម្សាន្តនៅទីនេះ រដ្ឋបាលរាជធានីភ្នំពេញក៏មានគម្រោងរៀបចំផងដែរ ទាំងទីតាំងស្តង់ម្ហូបអាហារ ទាំងការប្រគំតន្ត្រីសម័យបុរាណ ការគូរគំនូរ កន្លែងលេងសៀករហ័សកម្មផ្សេងៗ ក៏ជាកន្លែងដែលបងប្អូនប្រជាពលរដ្ឋ ចង់បង្ហាញពីសមត្ថភាពរបស់ខ្លួន និងបង្ហាញពីស្នាដៃរបស់បុព្វបុរសយើង ដែលបានបន្សល់ទុកឱ្យកូនចៅយើងមកដល់ពេលនេះ»។

ជាមួយគ្នា លោកអភិបាលរាជធានីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបំណងចង់មកទស្សនា ក៏ដូចជាដើរលេងកម្សាន្ត ហាត់ប្រាណ ដើម្បីសុខភាពនៅទីតាំងខាងលើ សូមកុំប្រើប្រាស់យានជំនិះខ្លួនឯង តែអាចជំនួសមកវិញនូវការប្រើប្រាស់ជាម៉ូតូកង់បី ឬក៏រថយន្តដឹកជញ្ជូនសាធារណៈ។ គួរជម្រាបថា ការសាកល្បងផ្លូវថ្មើរជើង (WalkStreet)នេះ ធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង១៨:០០នាទី រហូតដល់ម៉ោង២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕



