សូមជ្រាប! ៣ថ្ងៃទៀត​​​រដ្ឋបាលរាជធានីភ្នំពេញ​ នឹងផ្អាកមិនឱ្យធ្វើដំណើរឆ្លងកាត់មហាវិថីព្រះនរោត្តម
S
Sreyleak Yith
22 មករា 2025 11:30 AM

រាជធានីភ្នំពេញ៖​​​​ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ និងទី២៦មករា ឆ្នាំ២០២៥ នឹងប្រារព្ធពិធីសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា។​​ ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញ​ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ត្រង់កំណាត់មហាវិថីព្រះនរោត្តម​​...។

រដ្ឋបាលរាជធានីភ្នំពេញ គូសបញ្ជាក់ថា ដើម្បីឱ្យការប្រារព្ធពិធីសន្និបាតខាងលើ​ ប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀសចរាចរ លើកំណាត់មហាវិថីព្រះនរោត្តម ចាប់ពីស្តុបជលផលដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី ចាប់ពីវេលាម៉ោង០៥:០០នាទីព្រឹករហូតដល់បញ្ចប់កម្មវិធី

ការធ្វើពិធីសន្និបាត គណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា​​នេះ  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស។​ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើតាមកាលបរិច្ឆេទ​​ ដូចបានជម្រាបជូនដោយក្ដីអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត