រដ្ឋមន្រ្តីមហាផ្ទៃ ណែនាំឱ្យពិនិត្យមើលលើការសង់ផ្ទះលក់ជូនមន្រ្តីរាជការក្នុងតម្លៃត្រឹម២ទៅ៣ម៉ឺនដុល្លារ
S
Soriya Sou
23 មករា 2025 06:30 AM

រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យគិតគូរលើការសង់ផ្ទះលក់ជូនមន្ត្រីរាជការ ក្នុងតម្លៃត្រឹម២ទៅ៣ម៉ឺនដុល្លារ ប៉ុន្តែមិនត្រូវឱ្យលើសពីតម្រូវការឡើយ។ ការណែនាំរបស់លោក ស សុខា ធ្វើឡើងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ មករា…។

                   លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ 
                   លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ 

ថ្លែងនៅចំពោះមុខមន្រ្តីពាក់ព័ន្ធ លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញដូច្នេះថា៖«ខ្ញុំសូមឱ្យរដ្ឋបាលរាជធានីភ្នំពេញ មេត្តាពិនិត្យគិតគូរវិនិយោគធ្វើផ្ទះលក់សម្រាប់មន្ត្រីរាជការ ដើម្បីសម្របសម្រួលជីវភាព។ ខ្ញុំគិតថា យើងអាចពិនិត្យមើលនៅតាមបុរីមួយចំនួន ឱ្យគាត់ផ្ដោតទៅលើចំណុចនេះ ប៉ុន្ដែកុំឱ្យលើសពីតម្រូវការ»។ លោកបន្ថែមថា ក្នុងករណីផ្ទះដាក់លក់ត្រឹមតម្លៃចន្លោះ២ទៅ៣ម៉ឺនដុល្លារ មន្ត្រីរាជការដែលមានប្រាក់បៀវត្សរ៍ចន្លោះពី១លានកន្លះទៅ២លានរៀល អាចនឹងមានលទ្ធភាពក្នុងការបង់រំលស់។

លោក ស សុខា ក៏បានលើកទឹកចិត្តឱ្យវិស័យឯកជន ពិនិត្យលទ្ធភាពក្នុងការសាងសង់ផ្ទះប្រភេទនេះ ហើយរដ្ឋក៏ពិនិត្យលទ្ធភាពក្នុងការអនុគ្រោះកម្រិតណាមួយ ដើម្បីឱ្យគម្រោងនេះចេញជារូបរាងឡើង។ ការណែនាំ និងលើកទឹកចិត្តឱ្យមានការពិនិត្យគិតគូរវិនិយោគផ្ទះលក់តម្លៃចន្លោះ២ទៅ៣ម៉ឺនដុល្លារ សម្រាប់លក់ជូនមន្ត្រីរាជការ ពីសំណាក់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋ និងអ្នកលេងបណ្ដាញសង្គម ថា បើធ្វើបានមែនពិតជារឿងល្អណាស់ ហើយមិនគួរមានចម្ងាយឆ្ងាយខ្លាំងពីរាជធានីភ្នំពេញឡើយ។

រូមភាព៖ តំណាង
រូមភាព៖ តំណាង

អ្នកឧកញ៉ា សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP និងជាអ្នកជំនាញអចលទ្រព្យ បានបញ្ជាក់ថា កម្ពុជាពិតជាត្រូវការផ្ទះតម្លៃសមរម្យ ដែលមានតម្លៃចាប់ពី១ម៉ឺន៥ពាន់ដុល្លារដល់៣ម៉ឺនដុល្លារ សម្រាប់ន្រ្តីរាជការ។ ជាក់ស្ដែង ដូចជាគ្រូបង្រៀន ជាដើម សម្រាប់កម្មកររោងចក្រ អ្នករកស៊ីក្រៅប្រព័ន្ធ។ល។ ខណៈនៅកម្ពុជាបច្ចុប្បន្ន បានសាងសង់ផ្ទះសម្រាប់ទីផ្សារខ្ពស់ តែមិនទាន់បានសាងសង់សម្រាប់ទីផ្សារដែលមានតម្លៃសមរម្យនៅឡើយ។

អ្នកឧកញ៉ា សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP និងជាអ្នកជំនាញអចលទ្រព្យ 
អ្នកឧកញ៉ា សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP និងជាអ្នកជំនាញអចលទ្រព្យ 

អះអាងប្រាប់អង្គភាពសារព័ត៌មាន SBM News កាលពីពេលថ្មីៗនេះ លោក សំ សុខនឿន ថា ដោយសារតែដីនៅរាជធានីភ្នំពេញឡើងថ្លៃ គ្រឿងសម្ភារសំណង់ឡើងថ្លៃ ជាមូលហេតុមួយធ្វើឱ្យអ្នកអភិវឌ្ឍមិនអាចសាងសង់ផ្ទះក្នុងតម្លៃសមរម្យបាន។ ដូច្នេះ អ្នកជំនាញផ្នែកអចលនទ្រព្យរូបនេះ សង្ឃឹមថា រាជរដ្ឋាភិបាល នឹងព្យាយាមរកវិធីជួយដល់អ្នកអភិវឌ្ឍបន្ថែមទៀត។ ឧទាហរណ៍ដូចជា មិនយកពន្ធលើថ្លៃសំណង់ ឬពន្ធផ្សេងៗមួយចំនួនទៀត ហើយបើអាច[រដ្ឋ]គួរផ្ដល់ដីណាមួយកន្លែង ដើម្បីឱ្យអ្នកអភិវឌ្ឍអាចសាងសង់ផ្ទះលក់ឱ្យប្រជាជនក្នុងតម្លៃសមរម្យបាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត