ក្រៅពីថែទាំប្រាសាទមរតកដ៏មានតម្លៃរបស់ខ្មែរ បញ្ហាបរិស្ថានក៏ជារឿងសំខាន់របស់អាជ្ញាធរជាតិអប្សរា
S
Sreyleak Yith
•
15 មករា 2026 12:18 PM

ក្រុងសៀមរាប៖ មិនមែនតែ ប្រាសាទបុរាណ ទ្បើយ ​ដែលទទួលបានការមើលថែ ក៏ដូចជាយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរា បរិស្ថានធម្មជាតិ នៅតំបន់រមណីយដ្ឋានអង្គរក៏ទទួលបានការមើលថែទាំដែរ ព្រោះមិនត្រឹមជួយដល់ការអភិរក្សប្រាសាទតែ តែវាក៏ជាផ្នែកមួយនៃភាពទាក់ទាញភ្ញៀវទេសចរពេលមកទស្សនាកម្សាន្តដែរ...។

អាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ក្នុងរមណីយដ្ឋានអង្គរ មានដើមឈើច្រើនប្រភេទ ដែលជាផ្នែកមួយជួយដល់កិច្ចការអភិរក្សប្រាសាទ ក្នុងការងារនេះ ក្រុមការងារបានស្រោចទឹកជាប្រចាំ ដើម្បីចូលរួមចំណែកធ្វើឱ្យរមណីយដ្ឋានអង្គរមានភាពទាក់ទាញ និងបៃតង»។ អាជ្ញាធរជាតិអប្សរា បន្ថែមថា ក្រុមការងារតែងតែបណ្ដុះកូនឈើ និងដាំជាបន្តបន្ទាប់នៅលើផ្ទៃដីដែលសេសសល់ ដើម្បីបង្កើតគម្របព្រៃឈើឱ្យកាន់តែច្រើន។

សូមជម្រាបថា អាជ្ញាធរជាតិអប្សរា បង្កើតស្ថានីយបណ្ដុះកូនឈើសរុបចំនួន១២ ដោយឆ្នាំ២០២៤ បានសហការជាមួយដៃគូឯកជន និងស្ថាប័នរដ្ឋនានា ដាំកូនឈើចម្រុះក្នុងរមណីយដ្ឋានអង្គរ បានចំនួនជិត៧ម៉ឺនដើម។ រីឯឆ្នាំ២០២៥ ក៏បានបណ្ដុះដាំកូនឈើចម្រុះក្នុងឧទ្យានអង្គរ និងចែកចាយជូនសាធារណជនដោយឥតគិតថ្លៃបានជិត៣លានដើមផងដែរ។ អាជ្ញាធរជាតិអប្សរា តែងលើកទឹកចិត្តដល់ពលរដ្ឋឱ្យចូលរួមដាំកូនឈើឱ្យបានកាន់តែច្រើនជារៀងរាល់ឆ្នាំ ក្នុងទិសដៅថែរក្សា និងអភិរក្សប្រាសាទ ដើម្បីបំពេញបន្ថែមនៅក្នុងរមណីយដ្ឋានអង្គរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត