៧ខែឆ្នាំ២០២៣កម្ពុជារកចំណូលបានជាង២០លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ
K
Kimhuoy Klaing
•
09 សីហា 2023 11:00 AM

រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៧ខែឆ្នាំ២០២៣នេះ កម្ពុជារកចំណូលពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនាតំបន់កម្សាន្តអង្គរចំនួនជាង ២​០​,៣​១លានដុល្លារអាម៉េរិក កើនឡើង៥០២,៧៩​ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

ផ្អែកតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ចាប់ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនសរុប៤៣៩ ៣៦៥នាក់ ពោលគឺកើនឡើងចំនួន ៤២៣,៩៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះ​ភ្ញៀវ​បរទេស​ភាគ​ច្រើន​គឺ​សហរដ្ឋអាម៉េរិក​ ​ចិន​ ​អង់គ្លេស​ ​បារាំង​ ​និង​កូរ៉េ​ខាងត្បូង​។​

ទន្ទឹមនឹងនោះ គ្រឹះស្ថានអង្គរបានឱ្យដឹងដែរថា ការប្រមូលចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទបុរាណទៅដល់ភ្ញៀវទេសចរបរទេសតាមរមណីយដ្ឋានផ្សេងៗ រួមមាន៖ រមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀសជាដើម ដោយក្នុងនោះចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទកោះកែរមានចំនួន ១០៦ ១២៥ ដុល្លារ និងការលក់សំបុត្រទូកបានចំនួន ៣២៨ ៦៦៨ដុល្លារ។

ដោយឡែក ​​សម្រាប់​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​គ្រឹះស្ថាន​អង្គរ​រក​ចំណូល​បាន​ចំនួន​ជាង២​,៤លាន​ដុល្លារ​អាម៉េរិក​ ​ពី​កា​រលក់​ប​ណ្ណ​ជូន​ភ្ញៀវ​ទេសចរ​បរទេស​​ចំនួន​ ​៥​៣​ ៥​៩​៦​នាក់​។​ ជាទូទៅ គ្រឹះស្ថាន​អង្គរបែងចែកតម្លៃចូល​ទស្សនា​រមណីយដ្ឋាន​អង្គរជា៣ប្រភេទ រួមមាន៖ កញ្ចប់ទី១ ​ទស្សនា១ថ្ងៃតម្លៃ៣៧ដុល្លារ កញ្ចប់ទី២ ​ទស្សនា៣ថ្ងៃតម្លៃ៦២ដុល្លារ និងកញ្ចប់ទី៣ ​ទស្សនា១សប្ដាហ៍តម្លៃ៧២ដុល្លារ។

គួររំលឹកដែរថា ក្នុងឆមាសដំបូងឆ្នាំ២០២៣ ពោលគិតចាប់ពីខែមករា ដល់ខែមិថុនា កម្ពុជារកចំណូលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរបានចំនួនជាង ១៧,៨លានដុល្លារ និងមានភ្ញៀវទេសចរបរទេស ចំនួនសរុប ៣៨៥ ៧៦៩នាក់ នាក់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត