
ក្រុងសៀមរាប៖ នៅព្រឹកថ្ងៃទី៣០មករា ឆ្នាំ២០២៥នេះ មានការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា…។

ការដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ជាការដាក់ឱ្យអនុវត្តនូវថ្នាលឌីជីថលសម្រាប់ការលក់ និងការគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងរមណីយដ្ឋានទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់គ្រឹះស្ថានអង្គរ។ នេះជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាជូនដល់អ្នកទេសចរអន្តរជាតិ ការជំរុញការទាក់ទាញទេសចរអន្តរជាតិ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។

តាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង និងជាសសរស្តម្ភមួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច បង្កើតឱកាសការងារ និងលើកស្ទួយវប្បធម៌ជាតិ។ ទេសចរណ៍ ជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងរហ័ស តាមរយៈការចាប់យកនូវបច្ចេកវិទ្យាថ្មី ជាពិសេស បច្ចេកវិទ្យាឌីជីថល ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រង និងការស្តារឡើងវិញនៃឧស្សាហកម្មទេសចរណ៍។

សូមជម្រាបថា រាជរដ្ឋាភិបាលបានបង្កើតគ្រឹះស្ថានអង្គរ ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នៅថ្ងៃទី២១មករា ឆ្នាំ២០១៦ ឱ្យជាអង្គភាពថ្មីមួយសម្រាប់ធ្វើការគ្រប់គ្រងការប្រមូល និងការបង់ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាណាព្យាបាលហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ ជាអាណាព្យាបាលបច្ចេកទេស៕


