កូនត្នោត កូនរាំងទឹក និងកូនឬស្សីជាង៣ម៉ឺនដើម និងគ្រាប់ ត្រូវបានដាំឡើងវិញនៅតំបន់ទន្លេសាបដែលត្រូវរងការទន្រ្ទាន
SoKeng
•
21 ធ្នូ 2021 06:45 PM

(រាជធានីភ្នំពេញ)៖ កូនត្នោតពូជ កូនរាំងទឹក និងកូនឬស្សី ជាង៣ម៉ឺនដើម និងគ្រាប់ ត្រូវបានអភិបាលខេត្តកំពង់ធំ បាត់ដំបង និងបន្ទាយមានជ័យ ដាំឡើងវិញនៅត្រង់តំបន់ទន្លេសាប។  ចំណែកខេត្តក្នុងតំបន់ទន្លេសាបមួយចំនួនទៀត មិនទាន់អំណោយផល ក្នុងការដាំកូនឈើឡើងវិញឡើយ ពីព្រោះតំបន់ទាំងនោះកំពុងតែរងការជន់លិច។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានត្រៀម​រៀបចំកូនត្នោតពូជចំនួន​២៥ម៉ឺនដើម សម្រាប់ចែកជូនដល់ខេត្តចំនួន៦ សម្រាប់យកទៅដាំ​ឡើងវិញ ក្នុងតំបន់ទន្លេសាបដែលអាជ្ញាធរបានដកហូតពីជនទន្រ្ទានដីព្រៃលិចទឹក ​មកជាកម្មសិទ្ធិរបស់រដ្ឋវិញ។   

ឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំ ​បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន SBM News ថា បច្ចុប្បន្ននេះខេត្តកំពង់ធំ បានដាំកូនត្នោត និងកូនរាំងទឹកចំនួនជាង១ម៉ឺនដើមហើយលើផ្ទៃដីព្រៃលិចទឹកតំបន់៣ ក្នុងក្រុង​ស្ទឹងសែន ស្រុកកំពង់ស្វាយ និងស្រុកស្ទោង​ ខេត្តកំពង់ធំ។ អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់បន្ថែមថា ចាប់ពីថ្ងៃទី២២ ខែធ្នូ នឹងដាំកូនឈើ​២ប្រភេទនេះ បន្តទៀតនៅក្នុងស្រុកសន្ទុក និងនៅតាមស្រុកផ្សេងៗទៀត​ផងដែរ។​

សម្រាប់ខេត្តបន្ទាយមានជ័យវិញ អភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធជាង៦០០នាក់ បានកប់កូនត្នោត ដាំកូនរាំងទឹក និងកូនឬស្សីបានសរុបជាង៤ពាន់គ្រាប់ហើយ ក្នុងតំបន់២ និងតំបន់៣ ក្នុងភូមិបត់ត្រង់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨ ខែធ្នូ។ លោក ឈឿន ក្រៃយ៉ុងប្រធានរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់បែបនេះ។

បើតាមលោក ឈឿន ក្រៃយ៉ុង ក្នុងចំណោមកូនឈើជាង៤ពាន់ដើម  គឺមានដើមឬស្សីចំនួន១០៦០ដើម។ ដើមត្នោតចំនួន១៨០០គ្រាប់ និងដើមរាំងទឹក១៣០០ដើម។ ប្រធានរដ្ឋបាលខេត្តបន្ទាយមានជ័យ បានអះអាងថា នៅចុងសប្តាហ៍នេះ​ អភិបាលខេត្ត ក៏គ្រោងដាំកូនឈើចំនួនជាង៣ពាន់ដើមបន្ថែមទៀត ដើម្បីឲ្យគ្រប់តំបន់ព្រៃលិចទឹកដែលទទួលរងពីការទន្ទា្រនចំនួនជិត​៤ពាន់ហិកតា។  

រីឯខេត្តបាត់ដំបង ក៏ទទួលបានគ្រាប់ត្នោតពូជចំនួន៣,៨ម៉ឺនគ្រាប់ ពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកទៅដាំនៅតាមតំបន់ព្រៃលិចទឹក ដែលត្រូវបាន[ជន]ទន្រា្ទនដីព្រៃលិចទឹក កាន់កាប់ផងដែរ។ ចំណែកខេត្តសៀមរាបឯណោះវិញ មិនទាន់មានយុទ្ធនាការដាំកូនឈើឡើងវិញនៅតាមតំបន់ទន្លេសាប ពីព្រោះតែតំបន់ព្រៃលិចទឹកកំពុងតែរងជន់លិចនៅឡើយ។

ឯកឧត្តម លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ការដាំកូនឈើឡើងវិញនៅតំបន់ទន្លេសាបក្នុងខេត្តសៀមរាបអាចនឹងប្រព្រឹត្តទៅក្រោយពីតំបន់ទាំងនោះបាន​​ស្រកចុះ។ បើតាមអភិបាលរងខេត្តសៀមរាប យុទ្ធនាការដាំកូនឈើឡើងវិញនេះ អាចនឹងដាំបាននៅពាក់កណ្តាលខែមករា ឬចុងខែមករា ឆ្នាំ២០២២។  

អភិបាលរងខេត្តសៀមរាប បានពន្យល់ថា ការដាំកូនរាំងទឹកនៅតាមតំបន់ទន្លេសាប ពីព្រោះតែដើមប្រភេទទាំងនេះ គឺធន់នឹងទឹក។ ជាពិសេសផ្តល់ជាទស្សនីយភាពសម្រាប់ភ្ញៀវទេសចរ​ផងដែរ។ សម្រាប់ការដាំកូនត្នោត គឺផ្តល់គុណសម្បត្តិផងដែរ។ ឯកឧត្តម លី សំរិទ្ធ បានរៀបរាប់ដូច្នេះថា៖«​​ការដាំដើមរាំងទឹកជាប្រភពសម្រាប់ទាក់ទាញភ្ញៀវទេសចរ ពីព្រោះជាសួនដើមឈើក្នុងទឹក។ ចំពោះត្នោត តែវាដុះហើយ គឺមិនងាយពីណាទៅរំកិលកើតទេ»។

តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា អាជ្ញាធរខេត្តបានប្រមូលដីព្រៃលិចទឹកចំនួន៤៧,០៦៩ ហិកតា ក្នុងតំបន់ទន្លេសាប ​ក្នុងខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង បាត់ដំបង កំពង់ធំ និងសៀមរាប មកឲ្យរដ្ឋវិញហើយ ក្រោយពីមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធបាន​ចេញប្រតិបត្តិការ តាមការបញ្ជាពីរាជរដ្ឋាភិបាល ក្នុងរយៈពេលជិត៣សប្តាហ៍កន្លងមកនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត