
រដ្ឋធានីប៉េកាំង៖ ចិនបានអះអាងកាលថ្ងៃអង្គារទី១៣មករាថា រដ្ឋធានីប៉េកាំង នឹងប្តេជ្ញាការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធ២៥ភាគរយលើប្រទេសទាំងហ្លាយណា ហ៊ានរកស៊ី និងធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់...។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានប្រាប់សន្និសីទសារព័ត៌មានថា៖«យើងតែងតែជឿថា គ្មានអ្នកឈ្នះនៅក្នុងសង្គ្រាមពន្ធគយទេ ហើយប្រទេសចិន នឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។ រដ្ឋធានីប៉េកាំង កំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តនៃស្ថានភាព[នៅអ៊ីរ៉ង់]»។ លោកស្រីបានបន្តថា៖«យើងនឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារសុវត្ថិភាពពលរដ្ឋចិន»។ លោកស្រី ម៉ៅ នីង បន្ថែមថា ចិនសង្ឃឹមថា រដ្ឋាភិបាលចិន និងប្រជាជនអ៊ីរ៉ង់នឹងយកឈ្នះលើពេលវេលាដ៏លំបាកនាពេលបច្ចុប្បន្ន និងរក្សាស្ថិរភាពនៅក្នុងប្រទេសឡើងវិញ។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់ថា៖«ប្រទេសចិនតែងតែប្រឆាំងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ តស៊ូមតិដើម្បីអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសទាំងអស់ គួរតែត្រូវបានការពារយ៉ាងពេញលេញដោយច្បាប់អន្តរជាតិ និងប្រឆាំងនឹងការប្រើប្រាស់ ឬការគំរាមកំហែងនៃកម្លាំងយោធានៅក្នុងទំនាក់ទំនងអន្តរជាតិ។ យើងអំពាវនាវឱ្យភាគីនានា ធ្វើសកម្មភាពក្នុងមធ្យោបាយអំណោយផលដល់សន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ា»។

ស្ថិតក្រោមការដាក់ទណ្ឌកម្មដ៏ធ្ងន់របស់សហរដ្ឋអាម៉េរិករួចហើយ អ៊ីរ៉ង់បាននាំចេញប្រេងយ៉ាងច្រើនសន្ធឹកសន្ធាប់របស់ខ្លួនទៅកាន់ប្រទេសចិន។ យោងតាមក្រសួងការបរទេសចិន ទំហំពាណិជ្ជកម្មរវាងចិន និងអ៊ីរ៉ង់ ឈានដល់១៣,៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ក្នុងនោះការនាំចេញរបស់ចិនមានចំនួន៨,៩ពាន់លានដុល្លារ ខណៈការនាំចូលឈានដល់៤,៤ពាន់លានដុល្លារ៕



