ដើមឆ្នាំថ្មី! រដ្ឋបន្តលើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគ២៤នៅព្រះសីហនុ មានទុនជាង២០០លានដុល្លារ
S
Soriya Sou
14 មករា 2026 03:00 AM

ក្រុងព្រះសីហនុ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន២៤ក្នុងក្រុងព្រះសីហនុ ក្រោមទុនវិនិយោគជាង២០០លានដុល្លារអាម៉េរិក សម្រាប់ដើមឆ្នាំ២០២៦នេះ...។

លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងវិនិយោគទាំង២៤ដែលទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល មាន៨ ជាគម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង, ១៥ ជាគម្រោងថ្មី និង ១ ជាគម្រោងពង្រីក មានទុនវិនិយោគសរុបប្រមាណ២០៨លានដុល្លារអាម៉រិក និងប៉ាន់ស្មានអាចបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ៣១២០កន្លែង។ គម្រោងទាំង២៤ នេះ មានជាអាទិ៍៖ រោងចក្រផលិត និងដំឡើងឧបករណ៍ចម្អិន, រោងចក្រផលិតប្រេងសម្រាប់ឧស្សាហកម្មកែច្នៃផលិតផលកៅស៊ូ, រោងចក្រផលិតសម្ភារពេទ្យ, គម្រោងរោងចក្រកែច្នៃម្សៅត្រី, អគារពហុមុខងារ និងអគារស្នាក់នៅរួម។ លោកបញ្ជាក់ដូច្នេះក្នុងកិច្ចប្រជុំក្រុមការងារ កាលពីថ្ងៃទី១៣មករាម្សិលមិញ។

បន្ទាប់ពីលើកទឹកចិត្តពិសេសនេះ លោក ហ៊ាន សាហ៊ីប បានណែនាំដល់ក្រុមការងារ-ក្រសួង-ស្ថាប័ន ត្រូវបន្តជួយសម្របសម្រួល, ដោះស្រាយបញ្ហា, សំណូមពរ, សម្រួលនីតិវិធី និងផ្តល់ការលើកទឹកចិត្តជាក់ស្តែង ដូចជា៖ ការលើកទឹកចិត្តផ្នែកពន្ធដារ, ផ្នែកគយ និងការផ្ដល់អាជ្ញាបណ្ណ, លិខិតអនុញ្ញាត និងវិញ្ញាបនបត្រ រួមទាំងការចុះបញ្ជីក្រុមហ៊ុន និងការចេញប្រកាសបើករោងចក្រ ជាដើម ដើម្បីឱ្យវិនិយោគិនអាចដំណើរការវិនិយោគរបស់ពួកគាត់ដោយរលូន។ គួរកត់សម្គាល់ថា រាជរដ្ឋាភិបាលបានសម្រេចឯកភាពជាគោលការណ៍ ក្នុងការបន្តអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រយៈពេល២ឆ្នាំ រហូតដល់ដំណាច់ឆ្នាំ២០២៧ ដោយបន្ថែមវិធានការចំនួន៤ទៀត ដើម្បីបន្តជំរុញសកម្មភាពវិនិយោគ និងធុរកិច្ច សំដៅប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំ។

សូមជម្រាបជូនថា ក្នុងឆ្នាំ២០២៤-២០២៥ រាជរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគចំនួន៤១២ (គម្រោងថ្មី១៧៨, ជាប់គាំង១៩៤, ពង្រីក២៥, វិនិយោគមានស្រាប់១៥) ក្នុងខេត្តព្រះសីហនុ ដែលមានទុនវិនិយោគសរុបប្រមាណ៧៩៧១លានដុល្លារអាម៉េរិក អាចបង្កើតការងារជាង៥ម៉ឺន២ពាន់កន្លែង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត