រាជធានីភ្នំពេញ៖ កម្ពុជាបានបំបែកកំណត់ត្រាសាជាថ្មីម្ដងទៀត លើការអនុម័តគម្រោងវិនិយោគក្នុងឆ្នាំ២០២៥ ដោយបានចំនួនសរុប៨៥៨គម្រោង…។

ក្នុងចំណោមគម្រោងវិនិយោគខាងលើ គម្រោង៦៣០ មានទំហំទុនវិនិយោគសរុប១០ប៊ីលានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង២២៨គម្រោងទៀត ចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ក្នុងទំហំទុនវិនិយោគសរុប៧៦៣លានដុល្លារអាម៉េរិក។ គម្រោងវិនិយោគសរុបទាំងជាង៨០០គម្រោងនេះ ផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ៥៤៤ពាន់កន្លែង។ នេះបើតាមការរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីយប់ថ្ងៃទី៥មករា ឆ្នាំ២០២៦។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគចំនួន៦៣០ ដែលចុះបញ្ជីដោយ គ.វ.ក. នៃ ក.អ.ក. ក្នុងឆ្នាំ២០២៥ កើនឡើងចំនួន២១៦ស្មើនឹងប្រមាណ៥២ភាគរយ ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ៣ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ៤៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈវិស័យឧស្សាហកម្មនៅតែឈានមុខគេដដែល។ នេះជាការបង្កើតកំណត់ត្រាថ្មីមួយទៀត ដែលកាលពីឆ្នាំ២០២៤ គ.វ.ក. នៃ ក.អ.ក. បានបង្កើតកំណត់ត្រាថ្មីនៃការចុះបញ្ជីគម្រោងវិនិយោគម្ដងរួចមកហើយ។ ដោយឡែក គម្រោងវិនិយោគចំនួន២២៨ទៀត ដែលបានចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត សុទ្ធសឹងជាការវិនិយោគក្នុងវិស័យឧស្សាហកម្ម។

ចំពោះប្រភពទុនវិនិយោគ ចិននៅតែជាអ្នកដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ ពោលប្រមាណ៥៤ភាគរយ, កម្ពុជា៣១ភាគរយ, សិង្ហបុរីជិត៦ភាគរយ, វៀតណាមជាង៤ភាគរយ៕

