ទំនុកចិត្តលើការបណ្តាក់ទុនវិនិយោគរបស់បរទេសនៅតែបន្ត ទោះកម្ពុជារងការឈ្លានពានពីថៃ
S
Soriya Sou
25 ធ្នូ 2025 07:09 AM

រាជធានីភ្នំពេញ៖ ទោះបីពេលនេះកម្ពុជា កំពុងរងនូវការឈ្លានពានពីសំណាក់យោធាថៃ ប៉ុន្តែស្ថានភាពនេះ មិនបានបង្អាក់សម្មភាពវិនិយោគថ្មីៗនៅក្នុងប្រទេសកម្ពុជាទេ។ កម្ពុជានៅតែជាទីទុកចិត្តសម្រាប់វិនិយោគិនបរទេស ខណៈការស្នើសុំចុះបញ្ជី និងសាងសង់រោងចក្រ បានកើតឡើងជាបន្តបន្ទាប់…។

ក្រុមការងារ​ជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) ជួបពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគចំនួន៩ ដែលទទួលបានគោលការណ៍វិនិយោគក្នុងខេត្តក្រចេះ មណ្ឌលគិរី និង រតនគិរី។
ក្រុមការងារ​ជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) ជួបពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគចំនួន៩ ដែលទទួលបានគោលការណ៍វិនិយោគក្នុងខេត្តក្រចេះ មណ្ឌលគិរី និង រតនគិរី។

គិតត្រឹមខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមហ៊ុនចំនួន៩ មានគម្រោងវិនិយោគចំនួន១៣ ទទួលបានគោលការណ៍វិនិយោគក្នុងខេត្តភូមិភាគឦសាន រួមមាន៖ ខេត្តក្រចេះ, មណ្ឌលគិរី និងរតនគិរី ក្រោមទុនវិនិយោគសរុបប្រមាណ៦៦០លានដុល្លារអាម៉េរិក។ គម្រោងទាំងនេះ នឹងចាប់ផ្តើមអនុវត្តនាដើមឆ្នាំ២០២៦ ក្នុងវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ទេសចរណ៍, ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ, គ្រឹះស្ថានឧត្តមសិក្សា, និងមន្ទីរពហុព្យាបាល។ នៅពេលដំណើរការពេញលេញ គម្រោងខាងលើអាចបង្កើតការងារបានជិត១ម៉ឺន៣ពាន់កន្លែង។ នេះបើតាមការផ្សាយរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៅព្រឹកថ្ងៃទី២៥ធ្នូនេះ។

ដោយឡែក ខេត្តព្រះសីហនុ ស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា ក៏បន្តទទួលបានការស្នើចុះបញ្ជី និងគម្រោងបង្កើតរោងចក្រជាហូរហែរដែរ។ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ធ្នូនេះថា ទោះក្នុងកាលៈទេសៈដែលបន្តមានសង្គ្រាមទៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក៏ពិតមែន ប៉ុន្តែអ្នកវិនិយោគបរទេសនៅតែបន្តជឿជាក់លើរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ក្នុងការមកបណ្ដាក់ទុនបង្កើតគម្រោងរោងចក្របន្តទៀតនៅលើទឹកដីខេត្តព្រះសីហនុ។ ជាក់ស្ដែង កាលពីថ្ងៃទី២៤ធ្នូម្សិលមិញ អភិបាលរងខេត្តរូបនេះ ទើបបានចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រាប់ប្លាស្ទិក និងសម្ភារវេចខ្ចប់របស់ក្រុមហ៊ុន CAMBODIAN KECHUANG MATERIAL CO., LTD ស្ថិតនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ក្រោមទុនវិនិយោគ៥២ម៉ឺន៤ពាន់ដុល្លារអាម៉េរិក។

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ
លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ

នេះសរបញ្ជាក់ឱ្យឃើញពីជំនឿទុកចិត្តរបស់វិនិយោគិនទាំងក្នុងស្រុក និងបរទេស លើរាជរដ្ឋាភិបាល និងបរិយាកាសវិនិយោគនៅកម្ពុជា បើទោះបីពេលនេះកំពុងរងការឈ្លានពាន បង្កភាពភ័យខ្លាចដល់ពលរដ្ឋស៊ីវិលទាំងយប់ទាំងថ្ងៃពីយោធាថៃក៏ដោយ។ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្លាប់បានបញ្ជាក់ថា កម្ពុជា ​គឺជា​ទីតាំង​ដែលវិនិយោគិន​គ្រប់មជ្ឈដ្ឋាន ជាពិសេស​វិនិយោគិន​បរទេស​ គួរពិចារណា​​បណ្តាក់ទុន​វិនិយោគ ព្រោះរាជរដ្ឋាភិបាល​កម្ពុជា មានយុទ្ធសាស្ត្ររឹងមាំ ដើម្បីធានាថា ការវិនិយោគនៅកម្ពុជានឹងមិនរងផលប៉ះពាល់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត