
ក្រុងសៀមរាប៖ ប្រាសាទភ្នំបាខែង ស្ថិតនៅចំពីលើកំពូលភ្នំធម្មជាតិមួយ ដែលមានទីតាំងនៅចំកណ្តាលទីក្រុងយសោធរបុរៈ ឬអង្គរវត្ត ហើយស្ថិតនៅចន្លោះប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ។ អាជ្ញាធរជាតិអប្សរា បង្ហោះលើទំព័រហ្វេសប៊ុកថា៖«ទោះបីជាត្រូវចំណាយពេលដើរឡើងបន្តិចមែន ប៉ុន្តែប្រាសាទភ្នំបាខែង នៅតែជាកន្លែងដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករទៅទស្សនា និងផ្តិតយករូបភាពដ៏ស្រស់ត្រកាលនាពេលថ្ងៃរះ និងថ្ងៃលិច ដែលជាទិដ្ឋភាពដ៏អស្ចារ្យសម្រាប់ការចងចាំដ៏ល្អ»។

អាជ្ញាធរជាតិអប្សរា លើកពីប្រវត្តិថា ប្រាសាទភ្នំបាខែង ត្រូវបានកសាងឡើង ក្រោយពេលប្តូររាជធានីពីតំបន់រលួស មកកាន់តំបន់អង្គរ នៅចុងសតវត្សទី៩ និងដើមសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១ ដើម្បីឧទ្ទិសដល់ទេពក្នុងព្រហ្មញ្ញសាសនា។ សូមជម្រាបថា ប្រាសាទភ្នំបាខែង មានកំពូល ១០៩ និងមានកម្ពស់ ៤៥ម៉ែត្រ កសាងឡើងតំណាងឱ្យភ្នំព្រះសុមេរុ។ ប្រាសាទភ្នំបាខែងមាន៧ជាន់ គឺជាន់ក្រោម ថ្នាក់ទាំង៥ និងជាន់លើ ដែលតំណាងឱ្យឋានសួគ៌៧ជាន់របស់ព្រះឥន្ទនៅក្នុងទេវកថារបស់ព្រហ្មញ្ញសាសនា។

ដោយសារតែចំនួនភ្ញៀវទេសចរកាន់តែច្រើនឡើងទៅទស្សនាថ្ងៃរះ និងថ្ងៃលិចនៅលើកំពូលនៃប្រាសាទភ្នំបាខែង អាជ្ញាធរជាតិអប្សរាបានរៀបចំទីតាំងវង់ទស្សនាថ្មីមួយទៀត ដើម្បីបញ្ជៀសចំនួនកកកុញនៃការទស្សនា ក៏ដូចជាបង្កើតជាជម្រើសសម្រាប់ទេសចរដែលនិយមទស្សនាថ្ងៃលិច ព្រមទាំងផ្ដល់ជូនភ្ញៀវទេសចរនូវបទពិសោធថ្មីៗប្រកបដោយសុវត្ថិភាព និងផាសុកភាព។ នេះបើតាមការដកស្រង់ពីគេហទំព័រ ក្រសួងទេសចរណ៍៕






