ខេត្តសៀមរាប៖ បន្ទាប់ពីបានបញ្ចប់ការជួសជុលរចនាសម្ព័ន្ធជណ្តើរ និងជញ្ជាំងផ្នែកខាងកើត និងខាងជើងរួចរាល់មកមូលនិធិប្រាសាទពិភពលោក(World Monument Fund) របស់សហរដ្ឋអាម៉េរិក ក្រោមកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា នៅតែបន្តជួសជុលជណ្ដើរ និងជញ្ជាំងផ្នែកខាងត្បូងរបស់ប្រាសាទភ្នំបាខែងបន្ថែមទៀត។ នេះបើយោងតាមការឱ្យដឹងពី អាជ្ញាធរជាតិអប្សរា កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤...។

អ្នកស្រី ជាម ផល្លី ស្ថាបត្យករ និងជាអ្នកសម្របសម្រួលគម្រោងរបស់មូលនិធិប្រាសាទពិភពលោក បានឱ្យដឹងថា ប្រាសាទភ្នំបាខែង មិនខុសពីប្រាសាទដទៃទៀតទេ គឺរងការខូចខាតដោយសារកត្តាអាយុកាល ឫសឈើដុះចាក់ អាកាសធាតុ និងទឹកហូរច្រោះបណ្ដាលឱ្យរចនាសម្ព័ន្ធប្រាសាទខូចខាត ទ្រេត និងរលំ។ ជណ្តើរខាងត្បូង និងជញ្ជាំងរួតផ្នែកខាងលិច នៅផ្នែកពាក់កណ្តាលពីរ៉ាមីតនៃប្រាសាទភ្នំបាខែង ក៏កំពុងតែក្រៀកថ្ម រលោះ និងហែកទាំងក្បាលជណ្តើរ កាំជណ្តើរ និងជញ្ជាំង។ អ្នកស្រីបន្តថា មកដល់ពេលនេះ ក្រុមការងារបច្ចេកទេសកំពុងតែរុះរើជណ្តើរ រួចបុកបង្ហាប់បន្ថែមគ្រឹះថ្មី ដើម្បីរៀបចំជួសជុលវាឡើងវិញ។ ចំណែកឯជញ្ជាំងត្រូវពង្រឹងឱ្យរឹងមាំឱ្យស្របតាមធម្មនុញ្ញអង្គរ ដែលបានកំណត់ដោយគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ។ ការជួសជុលរចនាសម្ព័ន្ធជណ្តើរ និងជញ្ជាំងផ្នែកខាងត្បូងរបស់ប្រាសាទភ្នំបាខែងនេះ សម្រេចបានចំនួន៥០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៧ខាងមុខ។

ស្ថាបត្យកររូបនេះបានឱ្យដឹងបន្តថា ប្រាសាទភ្នំបាខែង ស្ថិតនៅចំកណ្តាលរាជធានីយសោធរបុរៈ នាឆ្នាំ៩០៧ នៃគ្រឹស្តសករាជក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១ នៅចន្លោះប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត។ ប្រាសាទភ្នំបាខែងកសាងឡើងពីការកាត់ថ្មភ្នំធម្មជាតិ ធ្វើឱ្យទៅជារាងពីរ៉ាមីតដោយបន្ថែមថ្មបាយក្រៀម ថ្មភក់ ដី និងរូបចម្លាក់ផ្សេងៗដើម្បីកសាងជាប្រាសាទភ្នំ។ គួរជម្រាបថា គម្រោងជួសជុលប្រាសាទភ្នំបាខែង ត្រូវបានអនុវត្តដោយអង្គការមូលនិធិប្រាសាទពិភពលោក ដោយចាប់ផ្តើមតាំងពីឆ្នាំ២០០៨មក។ នៅប៉ែកខាងកើតនៃប្រាសាទបានទទួលការជួសជុលមុនគេ។ ក្រៅពីជួសជុលតួប្រាសាទពីរ៉ាមីត អង្គការមូលនិធិប្រាសាទពិភពលោក ក៏មានគម្រោងជួយជួសជុលប្រាសាទឥដ្ឋនៅជុំវិញប្រាសាទ ដែលមានចំនួន៤៤ប្រាសាទដែរនាពេលអនាគត។ ជាមួយគ្នានេះកាលពីដើមខែធ្នូ ឆ្នាំ២០២៣ មូលនិធិឯកអគ្គរដ្ឋទូតដើម្បីការអភិរក្សវប្បធម៌ លើគម្រោងជំនួយសម្រាប់ជួសជុលប្រាសាទភ្នំបាខែង បានបន្តជំនួយថវិកាចំនួន៤៥ម៉ឺនដុល្លារ ដើម្បីជួសជុលរចនាសម្ព័ន្ធប្រាសាទបាខែង៕


