
ខេត្តសៀមរាប៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាម៉េរិក កំពុងបន្តការងារជួសជុលសង្គ្រោះ ពង្រឹងជញ្ជាំងរួតទី២ នៃប្រាសាទភ្នំបាខែងទិសខាងត្បូងឆៀងខាងលិច (និរតី) ប្រវែង ៣៦ម៉ែត្រ ក្រោយរងការខូចខាតទ្រុឌទ្រោមដោយកត្តាអាយុកាល និងធម្មជាតិ។ នេះបានតាមការផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។

លោក ជីវ ភារម្យ ស្ថាបត្យករនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង បានឱ្យដឹងថា ជញ្ជាំងរួតទី២នៃប្រាសាទនេះបានរងការខូចខាតស្ទើរតែ៩០ភាគរយ ពិសេសនៅត្រង់ចំណុចកាច់ជ្រុង។ ប្រាសាទ រណបបាត់បង់ថ្មស្ទើរតែទាំងស្រុង មិនតែប៉ុណ្ណោះកម្រាល និងជញ្ជាំងបានខូចខាតបាត់បង់ថ្មមួយផ្នែកធំ។ ការខូចខាតនោះបណ្តាលមកពីអាយុកាល និងធម្មជាតិ ជាឱកាសដល់ឫសឈើដុះចាក់តាមកន្លៀតថ្មភ្នំ និងថ្មជញ្ជាំង ទឹកភ្លៀងហូរច្រោះ ថ្មភ្នំពុកផុយ ព្រមទាំងថ្មជញ្ជាំងចល័តខុសពីទីតាំងជាដើម។

ស្ថាបត្យកររូបនេះ បញ្ជាក់បន្ថែមទៀតថា ការងារជួសជុលរចនាសម្ព័ន្ធប្រាសាទភ្នំបាខែងជ្រុងខាងត្បូងឆៀងខាងលិចនេះ គឺចាប់ផ្ដើមតាំងពីខែសីហា ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ ខាងមុខ សម្រាប់ការជួសជុលផ្នែករួតទី២នេះ។ ចំពោះការងារជួសជុលសម្រេចនូវប្រាសាទរណបចំនួន៤ និងជួសជុលជណ្តើរ ៥ថ្នាក់វិញសម្រេចបាន ៩០ភាគរយ។ ទន្ទឹមគ្នានោះអ្នកជំនាញក៏បានជួសជុលកម្រាលនៅតាមរួតទី៣ និងទី៤ សម្រេចបាន៣០ភាគរយ។ ដោយឡែកជញ្ជាំងរួតទី១ រួតទី៣ និងរួតទី៤ ក៏ទទួលបានការជួសជុលសម្រេចបាន ៨០ភាគរយផងដែរ។

គួរជម្រាបថា ប្រាសាទភ្នំបាខែង កសាងឡើងនៅចុងសតវត្សរ៍ទី៩ និងដើមសតវត្សរ៍ទី១០ នៅរាជព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០) ដែលគោរពព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានកំពូល ១០៩ និងមានកម្ពស់ ៤៥ម៉ែត្រ កសាងឡើងតំណាងឱ្យភ្នំព្រះសុមេរុ។ ប្រាសាទភ្នំបាខែងមាន ៧ជាន់ គឺជាន់ក្រោម ថ្នាក់ទាំងប្រាំ និងជាន់លើ ដែលតំណាងឱ្យឋានសួគ៌៧ជាន់របស់ព្រះឥន្ទនៅក្នុងទេវកថារបស់ព្រហ្មញ្ញសាសនា។ បច្ចុប្បន្នទីតាំងនេះ ជាគោលដៅទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិចយ៉ាងពេញនិយមបំផុតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ដោយសារតែចំនួនភ្ញៀវទេសចរកាន់តែច្រើនឡើងទៅទស្សនាថ្ងៃរះ និងថ្ងៃលិចនៅលើកំពូលនៃប្រាសាទភ្នំបាខែង ហើយថ្មីៗនេះអាជ្ញាធរជាតិអប្សរាបានរៀបចំទីតាំងវង់ទស្សនាថ្មីទៀត ដើម្បីបញ្ជៀសចំនួនកកកុញនៃការទស្សនាក៏ដូចជាបង្កើតជាជម្រើសសម្រាប់ទេសចរដែលនិយមទស្សនាថ្ងៃលិចព្រមទាំងផ្ដល់ជូនភ្ញៀវទេសចរនូវបទពិសោធថ្មីៗប្រកបដោយសុវត្ថិភាព និងផាសុកភាពផង។ នេះបើតាមការដកស្រង់ពីគេហទំព័រ ក្រសួងទេសចរណ៍កម្ពុជា៕




