អ្នកជំនាញស្វែងរកថ្មតាមបរិវេណប្រាសាទភ្នំបាខែងធ្លាក់រាយប៉ាយ ដើម្បីជួសជុលឡើងវិញ
យិត​​ ស្រីល័ក្ខ
13 មិថុនា 2024 01:41 AM

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា កាលពីល្ងាចថ្ងៃទី១២មិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមអ្នកជំនាញស្វែងរកថ្មប្រមាណ១០នាក់រួមគ្នាប្រឹងប្រែងស្វែងរកថ្មនៅតាមបរិវេណប្រាសាទភ្នំបាខែង និងនៅក្នុងព្រៃនៃជម្រាលភ្នំដើម្បីយកថ្មដែលធ្លាក់រាយប៉ាយខុសពីតាំងដើមទាំងនោះមកជួសជុល និងរៀបចំផ្គុំនៅទីតាំងដើមឡើងវិញ…។

លោក សំ ឆើត ជាអ្នកជំនាញរកថ្មម្នាក់ក្នុងចំណោមក្រុមការងាររកថ្ម បានឱ្យដឹងថាការរើជញ្ជូនថ្មពីគំនរនៅជម្រាលភ្នំត្រូវការពេលវេលាយូរ ដើម្បីធ្វើតាមបច្ចេកទេសត្រឹមត្រូវ គឺអាចជញ្ជូនបានតែពី៣ទៅ៤ដុំក្នុងមួយថ្ងៃ។ លោកពិតជាមានមោទកភាពដែលបានចូលរួមជួសជុលប្រាសាទបុរាណភ្នំបាខែងនេះ។ តាមរយៈបទពិសោធជាង១០ឆ្នាំធ្វើការជួសជុលនៅប្រាសាទធ្វើឱ្យលោកស្គាល់ប្រភេទថ្មនីមួយៗដែលរលុះធ្លាក់ចេញពីទីតាំងដើម។ ការងារនេះជោគជ័យ គឺការសហការល្អនៅក្នុងក្រុមបើទោះបីការងារនេះមានភាពស្មុគស្មាញខ្លាំង។ ជាមួយគ្នានេះ លោក អ៊ុម ណារិទ្ធ ប្រធានក្រុមការងាររកថ្មនៅការដ្ឋានជួសជុលប្រាសាទភ្នំបាក់ខែង បានឱ្យដឹងដែរថាការងារស្វែងរកថ្មដែលរលុះមានបីប្រភេទក្នុងនោះមានថ្មជញ្ជាំងប្រាសាទកណ្តាល (ប្រាង្គពីរ៉ាមីត) ថ្មតួប៉មប្រាសាទតូចៗតាមថ្នាក់នីមួយៗ និងថ្មខឿនប្រាសាទឥដ្ឋ និងត្រូវកំណត់អត្តសញ្ញាណ រួមទាំងបែងចែកប្រភេទថ្មតាមរចនាសម្ព័ន្ធប្រាសាទក្រោយពីរកឃើញ។

ប្រធានក្រុមការងាររកថ្មបន្ថែមថា ក្រៅពីនេះក្រុមការងារត្រូវប្រមូលថ្មនៅជម្រាលភ្នំ ដែលត្រូវបានគេប្រមូលយកមករក្សាទុកក្នុង៤សម័កាលចាប់តាំងពីសម័យបារាំង គឺយកតែថ្មណាដែលមិនមានក្បាច់ ឬមិនអាចកំណាត់អត្តសញ្ញាណបានយកទៅប្រើប្រាស់ជំនួសថ្មដែលបាត់បង់ប៉ុណ្ណោះ។ ក្រុមការងារបានខិតខំអស់ពីលទ្ធភាពក្នុងការស្វែងរកថ្មមកដាក់ទីតាំងដើមវិញហើយក្នុងចំណោមទាំងនោះមានថ្មតួប៉មប្រាសាទតូចៗខ្លះដែលបានរលុះធ្លាក់សល់ពី៥០ទៅ៦០ដុំ ហើយក្រុមការងារបានរកឃើញប្រមាណ៧០ទៅ៨០ភាគរយបានមកផ្គុំឡើងវិញ។ គួរដឹងដែរថា ប្រាសាទភ្នំបាខែង គឺជារាជធានីទី១នៃសម័យអង្គរ និងជាស្នូលកណ្តាលនៃក្រុងអង្គរឈ្មោះថា «យសោធរ» មានកំពែងដី២ជាន់ ដែលក្នុងមួយជ្រុងមានប្រវែង៤គីឡូម៉ែត្រ។ ប្រាសាទនេះកសាងឡើងនៅចុងស.វទី៩ ដើមស.វទី១០ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះឥសូរ។

ក្រោយមកនៅចុងស.វទី១៦ ប្រាសាទនេះបានប្តូរទៅជាព្រះពុទ្ធសាសនាវិញដូចដែលឃើញមានកសាងរូបព្រះពុទ្ធធំមួយអង្គនៅជាន់លើបង្អស់ ដោយថ្មផ្សេងៗនៃប្រាសាទ និងគ្រឹះនៃប្រាសាទឥដ្ឋ។ ប្រាសាទភ្នំបាខែង ជាគោលដៅទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិចយ៉ាងពេញនិយមបំផុតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ដោយសារតែចំនួនភ្ញៀវទេសចរកាន់តែច្រើនឡើងទៅទស្សនាថ្ងៃរះ និងថ្ងៃលិចនៅលើកំពូលនៃប្រាសាទភ្នំបាខែង ថ្មីៗនេះអាជ្ញាធរជាតិអប្សរាបានរៀបចំទីតាំងវង់ទស្សនាថ្មីមួយទៀតដើម្បីបញ្ជៀសចំនួនកកកុញនៃការទស្សនាក៏ដូចជាបង្កើតជាជម្រើសសម្រាប់ទេសចរដែលនិយមទស្សនាថ្ងៃលិចព្រមទាំងផ្ដល់ជូនភ្ញៀវទេសចរនូវបទពិសោធថ្មីៗប្រកបដោយសុវត្ថិភាព និងផាសុខភាពផង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត