ខេត្តសៀមរាប៖ គិតមកទល់ពេល ការជួសជុលផ្នែកខ្លះៗនៃប្រាសាទភ្នំបាខែង ជាពិសេសនៅផ្នែកខាងត្បូងឆៀងខាងលិច សម្រេចបានលទ្ធផល៨៥ភាគរយ។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី១៦ឧសភា ឆ្នាំ២០២៥…។

គម្រោងជួសជុលអភិរក្សប្រាសាទភ្នំបាខែង ដែលត្រូវបានធ្វើឡើងជាបន្តបន្ទាប់តាំងពីឆ្នាំ២០០៩មក មានកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund)។ តាមការបញ្ជាក់របស់លោក ជីវ ភិរម្យ វិស្វករគម្រោងទទួលបន្ទុកការងារគ្រប់គ្រងបច្ចេកទេសជួសជុល និងអភិរក្សនៅប្រាសាទភ្នំបាខែង បានឱ្យដឹងថា នៅអំឡុងឆ្នាំ២០១៩ ក្រុមការងារបានអនុវត្តគម្រោងជួសជុលនៅផ្នែកខាងត្បូងឆៀងខាងលិច នៃប្រាសាទ ហើយមកដល់បច្ចុប្បន្ន បានជួសជុលរួចរាល់ចំនួន២ជាន់ គឺជាន់ទី៣ និងជាន់ទី៤ ខណៈពីរជាន់ទៀតដែលនៅសល់ គឺជាន់ទី៥ និងទី៦ ក្រុមការងារជំនាញកំពុងរៀបចំកម្រាល និងជញ្ជាំងផ្នែកខាងត្បូង។ អ្នកទទួលបន្ទុកការងារគ្រប់គ្រងបច្ចេកទេសជួសជុល បានបញ្ជាក់ថា គម្រោងនេះ គ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២៥នេះ។

លោកបញ្ជាក់បន្ថែមថា ក្រៅពីដំណើរការនៅផ្នែកខាងត្បូងឆៀងខាងលិចហើយនោះ ក្រុមការងារ ក៏កំពុងបន្តជួសជុលមួយផ្នែកទៀត គឺផ្នែកខាងលិច ដោយចាប់អនុវត្តនៅជាន់ទី៦ ទី៥ ទី៤ និងជាន់ទី៣។ ជាលទ្ធផល ពេលនេះបានបញ្ចប់ការជួសជុលជញ្ជាំងនៅជាន់ទី៥ និងទី៤ ហើយបច្ចុប្បន្នកំពុងរៀបចំជញ្ជាំងនៅជាន់ទី៦ និងជាន់ទី៣បន្ថែមទៀត។ សូមជម្រាបថា ប្រាសាទភ្នំបាខែង ត្រូវបានកសាងនាដើមសតវត្សរ៍ទី១០ ក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១ ស្ថិតនៅចំកណ្តាលរាជធានីយសោធរបុរៈ នាឆ្នាំ៩០៧ នៃគ្រឹស្តសករាជ នៅចន្លោះប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត។ ប្រាសាទភ្នំបាខែង គឺជាទីប្រជុំនូវភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់រយនាក់ក្នុងមួយថៃ្ងៗ ដើម្បីមើលថៃ្ងលិច និងមើលទេសភាព នៅតំបន់អង្គរស្ទើរតែទាំងមូល៕


