
រាជធានីភ្នំពេញ៖ ផ្លូវជាតិលេខ៤១ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារសំខាន់ សម្រាប់ឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែអន្តរជាតិសំខាន់ៗ ដូចជា កំពង់ផែពហុបំណងខេត្តកំពត កំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែទេសចរណ៍ខេត្តកែបកោះទន្សាយ។ នេះបើតាមការបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅយប់ថ្ងៃទី១២មករា។

ក្រសួងសាធារណការ បានឱ្យដឹង ផ្លូវជាតិលេខ៤១ ប្រវែងសរុប៩៥គីឡូម៉ែត្រ ចាប់ផ្តើមពីភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល នៃខេត្តកណ្ដាល រហូតដល់ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ នៃខេត្តកំពត ត្រូវបានស្ដារ និងលើកកម្រិតគុណភាព ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានកម្រាស់៥សង់ទីម៉ែត្រ និងទទឹង១១ម៉ែត្រ។

ក្រសួងបន្ថែមថា គម្រោងនេះ ក៏បានរួមបញ្ចូលនូវការសាងសង់ពង្រីកស្ពានចាស់១កន្លែង (គឺស្ពានគុណគ្រូ) ប្រវែងប្រមាណ២០០ម៉ែត្រ ព្រមទាំងដាក់លូកាត់ទទឹងផ្លូវចំនួន ១៨៥កន្លែង និងលូបណ្តោយផ្លូវសរុបប្រវែង២៤១ម៉ែត្រ។ គម្រោងផ្លូវជាតិលេខ៤១ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីចុងឆ្នាំ២០២២ និងត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីមេសា ឆ្នាំ២០២៥ និងចំណាយថវិកាសាងសង់អស់៦៧លានដុល្លារអាម៉េរិក៕



