មេបក្សកាន់អំណាចរុស្ស៊ី ពន្យុះត្រាំឱ្យប្រញាប់ទិញកោះហ្គ្រីនឡែន ប្រយ័ត្នក្លាយជារបស់រុស្ស៊ី
N
Nary Vann
13 មករា 2026 03:30 AM

រដ្ឋធានីមូស្គូ៖ លោក ឌីមីទ្រី ម៉េដវ៉េដេវ អនុប្រធានក្រុមប្រឹក្សាសន្តិសុខ និងជាប្រធានគណបក្សកាន់អំណាចរុស្ស៊ី បានលើកឡើងបែបចំអកទៅកាន់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ថា ប្រជាជននៅលើកោះហ្គ្រីនឡែនអាចនឹងបោះឆ្នោត[ដាក់កោះនេះ ឱ្យក្លាយជាផ្នែកមួយ]របស់រុស្ស៊ី ប្រសិនបើសហរដ្ឋអាម៉េរិកមិនប្រញាប់ប្រញាល់ចាត់វិធានការឱ្យបានលឿន ដើម្បីគ្រប់គ្រងកោះនៅតំបន់អាកទិកមួយនេះទេ។ 

<span>លោក ឌីមីទ្រី ម៉េដវ៉េដេវ</span> 
លោក ឌីមីទ្រី ម៉េដវ៉េដេវ 

តាមរយៈការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Interfax កាលពីថ្ងៃទី១២ខែមករា លោក ម៉េដវ៉េដេវ ដែលជាអតីតប្រធានាធិបតីរុស្ស៊ីផងនោះ ថ្លែងដូច្នេះថា៖«លោក ត្រាំ ចាំបាច់ត្រូវតែប្រញាប់ឡើង។ យោងតាមព័ត៌មានដែលមិនទាន់ផ្លូវការ ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត អាចនឹងមានការបោះឆ្នោតប្រជាមតិភ្លាមៗមួយ ដែលប្រជាជនហ្គ្រីនឡែនទាំង៥៥ ០០០នាក់ អាចនឹងបោះឆ្នោតចូលរួមជាមួយរុស្ស៊ី»។ លោកបានបន្ថែមក្នុងន័យឌឺដងទៀតថា ប្រសិនបើរឿងនេះកើតឡើងមែន នោះនឹង «គ្មានផ្កាយថ្មីនៅលើទង់ជាតិអាម៉េរិកឡើយ»

ការលើកឡើងរបស់ឥស្សរជនរុស្ស៊ីរូបនេះ បានធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានរំលឹកឡើងវិញនូវបំណងប្រាថ្នារបស់លោកក្នុងឱ្យសហរដ្ឋអាម៉េរិកគ្រប់គ្រងកោះហ្គ្រីនឡែន ដែលជាដែនដីស្វយ័តរបស់ប្រទេសដាណឺម៉ាក ដោយលោកយល់ថាវាជាចំណុចយុទ្ធសាស្ត្រសំខាន់ដើម្បីទប់ទល់នឹងឥទ្ធិពលរុស្ស៊ី និងការពារសន្តិសុខជាតិអាម៉េរិក។ ទោះជាយ៉ាងណា បំណងនេះត្រូវបានភាគីដាណឺម៉ាក និងហ្គ្រីនឡែនផ្ទាល់ ប្រកាសបដិសេធយ៉ាងដាច់អហង្ការ។

ទោះបីជារុស្ស៊ីមិនដែលមានបំណងទាមទារកាន់កាប់កោះហ្គ្រីនឡែនក៏ដោយ ប៉ុន្តែវិមានក្រឹមឡាំងបានតាមដានយ៉ាងដិតដល់នូវសារសំខាន់ជាយុទ្ធសាស្ត្រនៃកោះនេះ ជាពិសេសនៅពេលដែលការប្រែប្រួលអាកាសធាតុបានបើកផ្លូវនាវាចរថ្មីៗ និងធនធានធម្មជាតិនៅក្នុងតំបន់អាកទិក។ ការលើកឡើងរបស់លោក ម៉េដវ៉េដេវ ត្រូវបានគេមើលឃើញថាជាការលេងសើចផ្នែកនយោបាយ ដើម្បីដាក់សម្ពាធ និងបង្កើនភាពតានតឹងបន្ថែមទៀតលើទំនាក់ទំនងរវាងមហាអំណាចទាំងពីរ ដែលកំពុងតែមានភាពរកាំរកូសស្រាប់ ដោយសារសង្គ្រាមនៅអ៊ុយក្រែន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត