មន្រ្តីស៊ីម៉ាក់ កំពុងបោសសម្អាតសំណល់គ្រា.ប់បែ.កទម្លាក់ដោយយោធាថៃ នៅរាយប៉ាយពេញបរិវេណប្រាសាទព្រះវិហារ
S
Soriya Sou
12 មករា 2026 05:00 AM

ក្រុងព្រះវិហារ៖ មន្រ្តីជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ឬអង្គភាពស៊ីម៉ាក់ (CMAC) កំពុងបោសសម្អាតសំណល់គ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅប្រាសាទព្រះវិហារ ដែលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុតពីយោធាឈ្លានពានថៃ…។

អង្គភាពស៊ីម៉ាក់ បានឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះថា បន្ទាប់ពីវាយប្រហារបាញ់ផ្លោង ទម្លាក់គ្រាប់យ៉ាងសាហាវរបស់យោធាថៃរយៈពេល២១ថ្ងៃ ប្រាសាទព្រះវិហារបានរងការបំផ្ទិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ពេលការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងយោធាថៃ ត្រូវបានផ្អាក សំណល់គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនបានស្ថិតនៅរាយប៉ាយពេញបរិវេណប្រាសាទព្រះវិហារ ដែលបង្កហានិភ័យយ៉ាងខ្លាំង។ យ៉ាងណាក៏ដោយ ពេលនេះ អ្នកជំនាញកម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ពីអង្គភាពស៊ីម៉ាក់ កំពុងបោសសម្អាតសំណល់គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ ដើម្បីឱ្យប្រាសាទព្រះវិហារប្រែក្លាយជាទីតាំងមានសុវត្ថិភាពម្ដងទៀត។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី១២មករានេះថា ប្រាសាទព្រះវិហារ​ ជាសម្បត្តិមនុស្សជាតិ​លើពិភពលោក និងជាទីតាំងមានស័ក្តិសិទ្ធិភាព។​ លោកបានទាមទារឱ្យថៃទទួលខុសត្រូវ ចំពោះការទម្លាក់គ្រាប់ ​និងបាញ់ផ្លោង​កម្ទេច​ បំផ្លិចបំផ្លាញប្រសាទរបស់ខ្មែរយ៉ាងឃោរឃៅព្រៃផ្សៃ​បំផុត។ សូមជម្រាបថា ប្រាសាទព្រះវិហារ ត្រូវបានយោធាថៃបាញ់ផ្លោង ទម្លាក់គ្រាប់បំផ្លាញចំនួន២លើក។ លើកទី១ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨កក្កដា ឆ្នាំ២០២៥ និងលើកទី២ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ ធ្វើឱ្យប្រាសាទកេរដំណែលរបស់ខ្មែរមួយនេះ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត