ថៃកាន់តែបង្ហាញចេតនាកម្ទេចប្រាសាទព្រះវិហារ តាមរយៈការផ្លោង និងទម្លាក់គ្រាប់MK-82
អុន សម្ផស្ស
28 កក្កដា 2025 08:00 AM

ក្រុងព្រះវិហារ៖ សង្គ្រាមឈ្លានពានដោយអាវុធធុនធ្ងន់មកលើអធិបតេយ្យភាពកម្ពុជា ពីសំណាក់ភាគីថៃ បានបន្តអូសបន្លាយ ខណៈទង្វើយោធាឈ្លានពាននេះ កាន់តែបង្ហាញចេញនូវចេតនាកម្ទេចប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក។ ថៃបានប្រើប្រាស់គ្រាប់បែក គ្រាប់ផ្លោងធុនធ្ងន់ និងយន្តហោះទម្លាក់គ្រាប់ MK-82 មកលើទីតាំងសម្បត្តិវប្បធម៌ខ្មែរ ដោយមិនញញើតច្បាប់អន្តរជាតិឡើយ។ 

រូបភាពសភាវុធថៃ
រូបភាពសភាវុធថៃ

រូបភាពដ៏សោកសង្រេង បង្កឡើងដោយភ្លើងសង្គ្រាមឈ្លានពានមកលើកម្ពុជានេះ មិនត្រឹមតែប៉ះពាល់ដល់លំនៅឋាន អាយុជីវិតជនស្លូតត្រង់នោះទេ តែថៃថែមទាំងមានចេតនាបំផ្លាញប្រាសាទខ្មែរ ដែលត្រូវដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក តាំងតែពីឆ្នាំ២០០៨ នៅក្នុងកិច្ចប្រជុំលើកទី៣២របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅឯទីក្រុងកេប៊ិច ប្រទេសកាណាដា។ អគ្គនាយកស៊ីម៉ាក់ លោក​ ហេង រតនា បញ្ជាក់នៅថ្ងៃទី២៨កក្កដា ឆ្នាំ២០២៥នេះថា៖«[..][ថៃ]បានទម្លាក់គ្រាប់បែកMK-82 ដែលមានទម្ងន់ប្រមាណ២៣០គីឡូក្រាមជាច្រើនគ្រាប់ និងគ្រាប់ផ្លោងគ្រប់ប្រភេទ ជាពិសេសគ្រាប់ផ្លោង១៥៥មីលីម៉ែត្រ គ្រាប់បែកចង្កោម​ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក»

លោក​ ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជា។
លោក​ ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជា។

គ្រាប់បែក MK-82 ត្រូវបានបាត់សំឡេងផ្ទុះលើទឹកដីកម្ពុជា អស់រយៈពេលជាង៥០ឆ្នាំមកហើយ ពោលគឺចាប់ខែឧសភា​ ឆ្នាំ១៩៧៥​ ក្នុងសម័យសង្គ្រាមកាលពីជាង៥០ឆ្នាំមុននោះ ក៏គ្រាប់បែកMK-82 មិនត្រូវបានគេប្រើទម្លាក់នៅលើប្រាសាទព្រះវិហារនេះដែរ។ នេះបើតាមការបញ្ជាក់របស់លោកអគ្គនាយកស៊ីម៉ាក់។ អាជ្ញាធរជាតិព្រះវិហារ សម្ដែងការសោកស្ដាយដែលប្រទេសថៃមិនបានបំពេញភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់ និងអនុសញ្ញាអន្តរជាតិនានា ក្នុងនាមជាសមាជិកនៃអង្គការយូណេស្កូ និងគណៈកម្មការបេតិកភណ្ឌពិភពលោក ដើម្បីអភិរក្ស និងលើកតម្លៃប្រាសាទព្រះវិហារ។ ប៉ុន្តែថៃបែរជាធ្វើសកម្មភាពបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយ ផ្ទាល់មកលើសម្បត្តិបេតិកភណ្ឌពិភពលោក បង្ករឱ្យមានការជម្លៀសប្រជាជនរាប់ម៉ឺនគ្រួសារ និងបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជនស៊ីវិលយ៉ាងច្រើន។ ក្រសួងវប្បធម៌ចាត់ទុកថា៖«ការខូចខាតប្រាសាទព្រះវិហារ គឺជាសោកនាដកម្មផ្នែកវប្បធម៌ និងសីលធម៌ ដែលគំរាមកំហែងដល់ការខូចខាតទាំងបេតិកភណ្ឌពិភពលោក និងអត្តសញ្ញាណជាតិរបស់ប្រជាជនកម្ពុជា»

រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា កាលពីថ្ងៃទី២៥កក្កដា ក៏បានបើកកិច្ចប្រជុំផ្ទាល់មួយជាមួយតំណាងស្ថានទូតឥណ្ឌា និងចិន ដែលជាសហប្រធាននៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារ និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (ICC-Preah Vihear) និងប្រធានតំណាងការិយាល័យអង្គការយូណេស្កូប្រចាំរាជធានីភ្នំពេញ ប្រាប់ពីការខូចខាតនានានៃប្រាសាទព្រះវិហារ រួមទាំងចេតនារបស់ថៃ ក្នុងការរំលោភទៅនឹងច្បាប់អន្តរជាតិ។ ជាមួយគ្នានេះ កម្ពុជាស្នើសហប្រធាន ICC-Preah Vihear និងតំណាងអង្គការយូណេស្កូ ប្រចាំរាជធានីភ្នំពេញ ឱ្យចាត់វិធានការជាបន្ទាន់ ដើម្បីការពារប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក ពីសកម្មភាពឈ្លានពានរបស់យោធាថៃ។

ក្រសួងការពារជាតិកម្ពុជា ប្រកាសថា ចាប់តាំងព្រឹកថ្ងៃទី២៤កក្កដាមក ទាហានថៃ បានបើកការបាញ់ប្រហារមុន ហើយកម្ពុជា គ្មានជម្រើសអ្វីក្រៅពីការបាញ់តដៃវិញនោះទេ ដើម្បីការពារខ្លួនការពារទឹកដី។ ថៃថែមទាំងពង្រីកទីតាំងជម្លោះតាមព្រំដែនជាមួយកម្ពុជា ហើយទម្លាក់គ្រាប់បែកលើប្រាសាទព្រះវិហារ និងតំបន់មួយចំនួនក្បែរទីតាំងប្រាសាទ។ អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា ថែបានប្រើផ្សែងពុល គ្រាប់បែកចង្កោម ដ្រូនធ្វើអត្តឃាត ឬដ្រូនបើកបុកបំផ្ទុះ ក្នុងការវាយប្រហារលើតំបន់ភ្នំខ្មោច និងបន្តបាញ់ស្រោចនៅតំបន់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី នៅថ្ងៃទី២៧កក្កដា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត