
ក្រុងព្រះវិហារ៖ សង្គ្រាម៥ថ្ងៃ ថៃបានបើកការវាយប្រហារទម្លាក់គ្រាប់ និងបាញ់ផ្លោង ប៉ះពាល់បាក់បែក«ប្រាសាទព្រះវិហារ»រហូតដល់១២៥កន្លែង ខណៈកម្ពុជាសង្ឃឹមថា ប្រទេសដែលជាសមាជិក ICC-Preah Vihear ពិសេសអាម៉េរិក ចិន និងឥណ្ឌា នឹងបញ្ជូននាក់ជំនាញមកជួយបន្ថែម ក្នុងពេលដែលក្រសួងវប្បធម៌កំពុងរង់ចាំការឆ្លើយតបពីយូណេស្កូ ជុំវិញសំណើឱ្យអង្គការមួយនេះបញ្ជូនអ្នកជំនាញ ចុះមកពិនិត្យដោយផ្ទាល់...។

អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ លោក គង់ ពុទ្ធិកា បានថ្លែងប្រាប់ SBM News តាមរយៈទូរសព្ទនៅថ្ងៃទី១៤សីហា ឆ្នាំ២០២៥នេះថា ទោះបទឈប់បាញ់រវាងកម្ពុជា-ថៃ បានចូលជាធរមានហើយក៏ពិតមែន តែសភាពការណ៍តំបន់ព្រំដែននៅតែផុយស្រួយ ក្ដៅច្រើនជាងត្រជាក់។ កត្តាទាំងនេះ ធ្វើឱ្យមន្ត្រីការពារប្រាសាទ និងអ្នកជំនាញ ដែលជាជនស៊ីវិលមិនអាចឡើងទៅដល់រមណីយដ្ឋានប្រាសាទព្រះវិហារ វាយតម្លៃពីផលប៉ះពាល់លម្អិតបានឡើយ ពោលគឺបានត្រឹមតែសន្និដ្ឋានផលប៉ះពាល់ជាបឋមតាមរយៈរូបភាពប៉ុណ្ណោះ។

លោក គង់ ពុទ្ធិកា មានប្រសាសន៍ថា៖«[..]ចាប់តាំងពីថ្ងៃប៉ះទង្គិចរហូតមកដល់ថ្ងៃទី៤សីហានេះ តាមរយៈរូបភាពដែលយើងទទួលបាន និងពិនិត្យឃើញថា ប្រាសាទព្រះវិហារ បានទទួលរងនៅការវាយប្រហារដោយគ្រាប់ផ្លោងចំនួន៤៧គ្រាប់ ធ្វើឱ្យប៉ះពាល់ខូចប្រាសាទចំនួន១២៥កន្លែង ដែលនៅក្នុងហ្នឹងប្រហែលជា៣០ភាគរយនៃ១២៥កន្លែងនេះ គឺខូចខាតធ្ងន់ធ្ងរ[..]»។ ដ្បិតតែការខូចខាតទាំងនោះធ្ងន់ធ្ងរពិបាកជួសជុល ក៏ប៉ុន្តែលោកអគ្គនាយកពន្យល់ថា នៅតែអាចសង្គ្រោះបានគ្រាន់តែត្រូវការពេលវេលា និងការប្រើប្រាស់បច្ចេកទេសខ្ពស់។ លោកថ្លែងថា៖«[..]កន្លែងខ្លះប៉ះពាល់ជញ្ជាំង កន្លែងខ្លះប៉ះពាល់ជណ្តើរ កន្លែងខ្លះទៀតក៏ប៉ះពាល់ដល់គ្រឹះ ចឹងទាមទារឱ្យយើងសិក្សាឱ្យបានស៊ីជម្រៅ និងហ្មត់ចត់ ដើម្បីយើងអាចជួសជុលបាន តែជាទូទៅយើងអាចស្ដារឡើងវិញបាន[..]»។

កាលពីថ្ងៃទី២៤កក្កដា ក្រសួងវប្បធម៌កម្ពុជា ធ្លាប់ចេញលិខិតថ្កោលទោសភាគីថៃ ចំពោះការឈ្លានពានដោយការផ្លោងមកលើប្រាសាទព្រះវិហារ។ ក្នុងលិខិតកាលនោះក្រសួងនឹងបន្តផ្លូវច្បាប់ប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) និងស្ថាប័នអន្តរជាតិពាក់ព័ន្ធផ្សេងៗទៀត ដើម្បីស្វែងរកយុត្តិធម៌ និងសំណងការខូចខាតពីភាគីថៃ។ ក្រោយមកនៅចុងខែកក្កដា អង្គការយូណេស្កូ បានប្រកាសថា ខ្លួនបានត្រៀមខ្លួនរួចរាល់ ក្នុងការផ្ដល់ជំនួយបច្ចេកទេស វាយតម្លៃការខូចខាតដែលអាចកើតមាន និងអនុវត្តវិធានការការពារចាំបាច់ ចំពោះប្រាសាទព្រះវិហារ ដើម្បីធានានិរន្តរភាពរបស់បេតិកភណ្ឌដែលរងគ្រោះ។ ចំពោះករណីនេះ លោក គង់ ពុទ្ធិកា បញ្ជាក់ថា កាលពីដើមខែសីហា ក្រសួងវប្បធម៌ ក៏បានផ្ញើលិខិតផ្លូវការមួយច្បាប់ទៀតស្នើសុំអង្គការយូណេស្កូ បញ្ជូនអ្នកជំនាញចុះមកពិនិត្យវាយតម្លៃដោយផ្ទាល់ តែមិនទាន់ទទួលបានការឆ្លើយតបពីអង្គការដែលមានតួនាទីការពារទីតាំងនានា ដែលបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកនេះនៅឡើយទេ។

យ៉ាងណា លោក គង់ ពុទ្ធិកា បង្ហាញក្ដីសង្ឃឹមថា ប្រទេសដែលជាសហប្រធាននៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិរបស់ប្រាសាទព្រះវិហារ នឹងបញ្ជូនមន្ត្រីជំនាញមកជួយបន្ថែម។ លោកថ្លែងថា៖«[..]ដល់ក្រោយសង្គ្រាម ខ្ញុំជឿថា ប្រទេសដែលទទួលបន្ទុកក្នុងការជួយនេះ [សហរដ្ឋអាម៉េរិក ចិន និងឥណ្ឌា] គាត់នឹងអាចចាត់អ្នកជំនាញរបស់គាត់មកជួយសិក្សាហើយនឹងរកវិធាការ ក្នុងការជួសជុលឡើងវិញបាន[..]»។ ICC-Preah Vihear គឺជាគណៈកម្មាធិការសម្របសម្រួលអន្តរជាតិមួយរបស់ប្រាសាទព្រះវិហារ ដែលមានប្រទេសចិន និងឥណ្ឌា ជាសហប្រធាន រួមជាមួយប្រទេសជាសមាជិកមួយចំនួនទៀតដូចជា បារាំង ជប៉ុន ប៊ែលហ្សិច សហរដ្ឋអាម៉េរិកជាដើម។

ក្នុងចំណោមប្រទេសដែលជាសហប្រធាន និងសមាជិកទាំងនោះ បានចូលរួមជួសជុលប្រាសាទព្រះវិហារជាប់ជាប្រចាំ តាំងតែពីមុនកើតមានសង្គ្រាម ក្នុងនោះប្រទេសចិន ទទួលជួសជុល និងអភិរក្សគោបុរៈទី១ ទី២ និងទី៣ ចំណែកឯសហរដ្ឋអាម៉េរិក ជួសជុលជណ្តើរខាងជើង ដោយឡែក ប្រទេសឥណ្ឌា ទទួលជួយជួសជុល និងអភិរក្សគោបុរៈទី៥៕


