មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ការពង្រឹងក្រមសីលធម៌ និងការស្រាវជ្រាវ ជាកាតព្វកិច្ចគ្រូពេទ្យគ្រប់រូប
អុន សម្ផស្ស
12 មករា 2026 04:00 AM

រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា លោកសាស្ត្រាចារ្យ ឡឹម តារា ក្រើនរំឭកដល់គ្រូពេទ្យគ្រប់រូប ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ជាពិសេសយកចិត្តទុកដាក់គោរពច្បាប់..។

ក្នុងពិធីផ្សព្វផ្សាយ«ច្បាប់ស្ដីពីការគ្រប់គ្រងអ្នកវិជ្ជាជីវៈវេជ្ជសាស្ត្រនៅកម្ពុជា និងក្រមសីលធម៌គ្រូពេទ្យ» រៀបចំឡើងនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៩ ខែមករានេះ លោក ឡឹម តារា បានគូសបញ្ជាក់ថា គ្រូពេទ្យមិនត្រឹមតែបំពេញតួនាទីក្នុងការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ឱ្យបានជាប់ជាប្រចាំ ព្រមជាមួយការស្វែងយល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រកបវិជ្ជាជីវៈ។ លោក សង្កត់ធ្ងន់ថា៖«ការសិក្សាបន្ត និងការរំលឹកចំណេះដឹងឡើងវិញជាប្រចាំ គឺជាកាតព្វកិច្ចរបស់គ្រូពេទ្យគ្រប់រូប ដើម្បីធានាបានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជូនអ្នកជំងឺ»

ទន្ទឹមនឹងការជំរុញរបស់លោករដ្ឋលេខាធិការនាពេលនេះ លោក គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ក៏បានក្រើនរំលឹកដល់វេជ្ជបណ្ឌិត ទន្តពេទ្យ ឱសថការី ឆ្មប និងគិលានុបដ្ឋាកទាំងអស់ក្នុងមន្ទីរពេទ្យ ត្រូវយកចិត្តទុកដាក់គោរពច្បាប់ និងក្រមសីលធម៌។ ជាពិសេសក្រុមគ្រូពេទ្យគ្រប់រូប ត្រូវបំពេញកាតព្វកិច្ចចុះបញ្ជិកា និងស្នើសុំអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈពីគណៈវិជ្ជាជីវៈសុខាភិបាលឱ្យបានត្រឹមត្រូវតាមច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត