
រាជធានីភ្នំពេញ៖ ស្របពេលប្រទេសកំពុងរងការឈ្លានពានពីយោធាថៃ ធ្វើឱ្យជនស៊ីវិលកម្ពុជាស្លាប់ និងរបួសជាច្រើននាក់ ក្រុមគ្រូពេទ្យដែលត្រូវបានគេដឹងថា ជាកងទ័ពអាវស ត្រូវសហការគ្នាពង្រឹងការអនុវត្តយុទ្ធសាស្ត្រ ត្រៀមលក្ខណៈសង្រ្គោះព្យាបាលវីរកងទ័ព និងពលរដ្ឋឱ្យបានទាន់ពេលវេលា។ នេះជាប្រសាសន៍ណែនាំរបស់លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល...។

លោក ឈាង រ៉ា បានបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងស្ថានភាពនៅព្រំដែន ដែលកម្ពុជាកំពុងរងការវាយប្រហារពីយោធាថៃ ថ្នាក់ដឹកនាំមន្ទីរពេទ្យជាតិ ត្រូវសហការឱ្យបានស្អិតល្មួតជាមួយមន្ទីរសុខាភិបាលខេត្តជាប់ព្រំដែន រៀបចំឆ្លើយតបទាន់ពេលវេលាឱ្យបានគ្រប់ជ្រុងជ្រោយលើបញ្ហាគ្រប់គ្រងស្ថានភាព ផលប៉ះពាល់ទីតាំង សុខភាពប្រជាពលរដ្ឋ និងវីរកងទ័ព ដើម្បីធានាយ៉ាងណាឱ្យការជួយសង្រ្គោះបានទាន់ពេលវេលា ការបញ្ជូនចំគោលដៅ និងមានប្រសិទ្ធភាព។ លោករដ្ឋមន្រ្តី បានណែនាំបន្ថែមដល់ក្រុមគ្រូពេទ្យជំនាញ ត្រូវរៀបចំលក្ខណៈឱ្យបានលម្អិត ដូចជា៖ ឱសថ សម្ភារបរិក្ខារពេទ្យ តម្រូវការឈាម និងក្រុមគ្រូពេទ្យជំនាញ។

ក្នុងកំលុងពេលនេះ មូលដ្ឋានសុខាភិបាលគ្រប់កម្រិត ត្រូវតែយកចិត្តទុកដាក់ក្នុងការបម្រើសេវាសុខភាពដែលមានគុណភាព ដោយគិតគូរពីសុខភាពផ្លូវចិត្ត ជាពិសេស សុខភាពមាតា ទារក និងកុមារ។ បើតាមលោក ឈាង រ៉ា បន្ទាប់ពីផ្ទុះការវាងប្រហារពីយោធាថៃមកលើកងកម្លាំង និងប្រជាជនស៊ីវិលកម្ពុជា កាលពីថ្ងៃទី៧ធ្នូ មន្ទីរពេទ្យជាតិ និងក្រុមគ្រូពេទ្យជំនាញ បានចេញដំណើរទៅតាមខេត្តគោលដៅរៀងៗខ្លួន និងបានរៀបចំបែងចែកក្រុមគ្រូពេទ្យ ដើម្បីត្រៀមលក្ខណៈក្នុងការជួយសង្រ្គោះវីរកងទ័ព និងប្រជាពលរដ្ឋ។ គិតត្រឹមព្រឹកថ្ងៃទី៩ធ្នូនេះ ពលរដ្ឋខ្មែរ៧រូបហើយបានបាត់បង់ជីវិត និង២០រូបទៀតបានរងរបួស ខណៈពលរដ្ឋជាច្រើនម៉ឺននាក់កំពុងរត់ភៀសខ្លួន ពីការបាញ់ប្រហារពីយោធាថៃ៕




