បើចង់បានរាងស្អាតមិនគួររំលង «ផ្លែល្ហុង» ព្រោះផ្លែឈើ​មួយ​ប្រភេទ​នេះ មាន​គុណប្រយោជន៍ដល់ទៅ៧យ៉ាង
S
Sreyleak Yith
11 មករា 2026 08:00 AM

សុខភាព៖ ការ​ទទួលទាន​ផ្លែល្ហុង អាច​ជួយ​ឱ្យ​​ពោះវៀន​រឹងមាំ និង​​ធ្វើ​​ឱ្យការរំលាយអាហារដំណើរការ​បានល្អ។ លើសពីនេះ ផ្លែល្ហុង ក៏ជាផ្លែឈើ​មួយ​ប្រភេទ​​ មាន​គុណប្រយោជន៍ដល់ការ​សម្រក​ទម្ងន់​​។ ខាងក្រោមនេះ ជា​គុណប្រយោជន៍​ទាំង​៧​នៃ​ផ្លែ​ល្ហុង​ដែល​ល្អ​បំផុត​សម្រាប់​ការ​សម្រក​ទម្ងន់...។

១.មាន​កាឡូរី​ទាប៖ ផ្លែ​ល្ហុង​ចំនួន​១០០ក្រាម មាន​កាឡូរី​តែ​៤៣​កាឡូរី​ប៉ុណ្ណោះ។ លើស​ពី​នេះ ល្ហុង ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន​ C កាល់ស្យូម វីតាមីន​A ម៉ាញេស្យូម ហ្វូឡេត និង​ប៉ូតាស្យូម​។ ដោយ​សារមាន​ជាតិ​សរសៃ​ខ្ពស់ទើប​ផ្លែ​ល្ហុង​ គឺ​ជា​ប្រភព​នៃ​សារជាតិ​ទឹក ជួយ​ឱ្យឆ្អែត​បាន​យូរ និង​បញ្ចេញ​ម៉ូលេគុល​ខ្លាញ់​។ ២.សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ៖ ផ្លែ​ល្ហុង​ សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ។ ចំពោះ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់ មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​យ៉ាង​រលូន និង​ជួយ​ឱ្យមាន​អារម្មណ៍​ឆ្អែត​បាន​យូរ។ កត្តា​ទាំង​នេះ​ហើយដែល​អាច​ជួយ​ឱ្យ​សម្រក​ទម្ងន់​បាន​យ៉ាង​ឆាប់​រហ័ស។

៣.ជួយ​បំបែក​ជាតិ​ខ្លាញ់៖ ផ្លែ​ល្ហុង ក៏​ជា​ភ្នាក់ងារ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ដ៏​ល្អ​បំផុត។ ផ្លែ​ឈើ​មួយ​នេះ មិន​ត្រឹម​តែ​ជួយ​បំបែក និង​កម្ចាត់​ជាតិ​ខ្លាញ់​ trans fat​ និង​ lipids ដ៏​គ្រោះថ្នាក់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​​ចិញ្ចឹម​បំប៉ន​រាងកាយ​ថែម​ទៀត​ផង។​​ ៤.ជួយ​ដល់​ការ​រំលាយ​អាហារ៖ ផ្លែ​ល្ហុង​មាន​ផ្ទុកសារធាតុ ​Papain និង​ Chymopapain ដែល​​អាច​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​ប្រឆាំង​នឹង​ការ​ទល់លាមក។ បន្ថែម​ពី​នេះ ​ផ្លែ​ល្ហុង ក៏​​អាច​ជួយ​បង្ការ និង​ព្យាបាល​ ការ​រលាក​ក្រពះ​បាន​យ៉ាង​អស្ចារ្យ។ 

៥.ប្រឆាំង​នឹង​ការ​រលាក៖ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​រលាក​អាច​រាំងស្ទះក្នុង​ការ​សម្រក​ទម្ងន់។ ក្នុងនោះ ផ្លែ​ល្ហុង​ ​​ជា​ប្រភព​នៃ​សារធាតុ ​Papain ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​​អាច​កាត់​បន្ថយ​ការ​រលាក​នៅ​ក្នុង​រាងកាយ។ ៦.ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ៖ ជាក់ស្តែង មនុស្សមួយចំនួនអាចប្រឈម​នឹង​ បញ្ហាប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួន​ឯង រារាំង​​ដល់​ដំណើរការ​ប្រក្រតី​នៃ​រាងកាយ និង​បណ្ដាល​ឱ្យ​មាន​ការ​ឡើង​ទម្ងន់​។ ផ្លែ​ល្ហុង ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​នឹង​មេរោគ ព្រម​ទាំង​ប៉ារ៉ាស៊ីត ដែល​ជួយ​ប្រឆាំង​នឹង​ជំងឺ​ ក៏​ដូចជា​ការ​ឆ្លង​មេរោគ​ផ្សេងៗ។ ៧.ជួយ​បន្សាប​ជាតិ​ពុល៖ ផ្លែ​ល្ហុង​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ​អាច​ជួយ​បន្សាប​ជាតិ​ពុល​​នៅ​ក្នុង​ប្រព័ន្ធ​រាងកាយ និង​សម្អាត​ពោះវៀន៕ អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ




អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត