សប្ដាហ៍ដំបូងឆ្នាំ២០២៦ មនុស្ស៣៥នាក់ស្លា.ប់ ជាង១០០នាក់របួសដោយគ្រោះថ្នាក់ចរាចរណ៍
S
Soriya Sou
09 មករា 2026 11:30 AM


រាជធានីភ្នំពេញ៖ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ត្រឹមតែ១សប្ដាហ៍ដើមឆ្នាំ២០២៦នេះ កម្ពុជាមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៦៥ករណី ផ្ដាច់ជីវិតមនុស្សចំនួន៣៥នាក់ និងរងរបួសធ្ងន់-ស្រាល១១៧នាក់…។

បើតាមលោក ទូច សុខៈ ករណីគ្រោះថ្នាក់ចរាចរណ៍នាសប្ដាហ៍ដើមឆ្នាំ២០២៦ បានកើតឡើងនៅ រាជធានីភ្នំពេញ, ខេត្តកណ្តាល, កំពង់ស្ពឺ, ព្រះសីហនុ, កំពត, កែប, តាកែវ, បាត់ដំបង, ប៉ៃលិន, កោះកុង, បន្ទាយមានជ័យ, សៀមរាប, ព្រះវិហារ, ស្ទឹងត្រែង, រតនគិរី, ក្រចេះ, ត្បូងឃ្មុំ, កំពង់ចាម និងខេត្តស្វាយរៀង។ គ្រោះថ្នាក់ចរាចរណ៍ មិនបានរសាត់ទៅតាមឆ្នាំចាស់នោះទេ ហើយវានៅតែជាបញ្ហាប្រឈម និងជាក្ដីបារម្ភសម្រាប់ប្រទេសកម្ពុជា។ អ្នកនាំពាក្យដដែល បានអំពាវនាវឱ្យប្រជាពលរដ្ឋធ្វើដំណើរគោរពច្បាប់ចរាចរណ៍ ដើម្បីការពារជីវិតខ្លួនឯង និងអ្នកដទៃ។

សូមជម្រាបថា រយៈពេលពេញមួយឆ្នាំ២០២៥ កម្ពុជាមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន១៤០០នាក់ និងរងរបួសជាង៣០០០នាក់ ហើយភាគច្រើនជាអ្នកធ្វើដំណើរនៅពេលយប់ និងធ្វើដំណើរដោយម៉ូតូ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត