
សុខភាព៖ ចង្វាក់បេះដូង ជាចំនួនហ្រ្វេកង់បេះដូងលោត ហើយវាអាចរងការប៉ះពាល់ពីកត្តាមួយចំនួនដូចជា សកម្មភាព ស្ថានភាពផ្លូវចិត្ត ការប្រើថ្នាំខ្លះៗ ពិសេសមានសារធាតុមួយចំនួនក្នុងអាហារអាចបង្កឱ្យចង្វាក់បេះដូងលោតខុសធម្មតា…។

សារធាតុដែលបង្កឱ្យ ចង្វាក់បេះដូងលោតខុសធម្មតាមានដូចជា៖ ១.ទទួលទានស្ករច្រើនពេក៖ ការបរិភោគអាហារមានកាបូអ៊ីដ្រាតខ្ពស់ ធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើងនាំឱ្យញ័រទ្រូង។ អាហារទាំងនោះ មានដូចជា ភេសជ្ជៈជាតិស្ករខ្ពស់ ស្ករគ្រាប់ បង្អែម អាហារកញ្ចប់ នំបុ័ង ប៉ាស្តា និងអង្ករខ្សាយ។ ដើម្បីបញ្ចៀសបញ្ហានេះ គួរងាកមកទទួលទានអាហារមានជាតិសរសៃខ្ពស់ រួមមាន៖ អង្ករសម្រូប ស្រូវសាឡី បន្លែ និងសណ្តែក ព្រោះមានផ្ទុកជាតិស្ករតិច។ ២.ជាតិកាហ្វេអ៊ីន៖ កាហ្វេមានជាតិកាហ្វេអ៊ីន អាចធ្វើឱ្យញ័រទ្រូង ប៉ុន្តែការសិក្សារកឃើញថា កាហ្វេមិនមែនសុទ្ធតែអាចធ្វើឱ្យញ័រទ្រូងទាំងអស់ទ្បើយ ព្រោះមានប្រភេទកាហ្វេខ្លះ អាចជួយសម្រួលសុខភាពបានទៀតផង។ គួរដឹងថា មិនមែនមានតែកាហ្វេទ្បើយដែលមានជាតិកាហ្វេអ៊ីន ពោលគឺតែខ្មៅ តែបៃតង ទឹកក្រូច និងភេសជ្ជៈប៉ូវកម្លាំង ក៏មានជាតិកាហ្វេអ៊ីនដែរ។

៣.ជាតិអាល់កុល៖ ស្រាធ្វើឱ្យបេះដូងលោតខុសចង្វាក់ ថតបេះដូងខាងលើកន្ត្រាក់ញាប់ និងថតបេះដូងខាងក្រោម លោតខុសប្រក្រតី។ ជាតិអាល់កុលក្នុងស្រា អាចបំផ្លាញកោសិកាបេះដូង បើឈប់ផឹកស្រានោះ អាចកាត់បន្ថយការប្រឈមស្ថានភាពបេះដូងលោតខុសចង្វាក់ ជួយបេះដូងឱ្យត្រលប់មកដូចដើមវិញ។ ដោយទ្បែក បើនិយាយពី អាហារដែលល្អចំពោះសុខភាពបេះដូង យោងតាមការណែនាំពី សមាគមបេះដូងអាម៉េរិក AHA របបអាហារល្អបំផុតសម្រាប់សុខភាពបេះដូង រួមមាន៖ គ្រាប់ធញ្ញជាតិ បន្លែ-ផ្លែឈើ សណ្តែកសៀង និងពពួកសណ្តែកកួរ គ្រឿងសមុទ្ទ សាច់បក្សីអត់ស្បែក និងផលិតផលទឹកដោះគោគ្មានជាតិខ្លាញ់៕ អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ



