
រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាន ព្យាករឃើញថា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ ខេត្តកំពង់ចាម គុណភាពខ្យល់មានការបំពុលកម្រិតស្រាល ខណៈរាជធានី-ខេត្តផ្សេងទៀត មានគុណភាពខ្យល់ល្អ...។

ក្រសួងបរិស្ថានអះអាងថា គិតចាប់ពីម៉ោង៧ព្រឹកថ្ងៃទី៨មករា ដល់ម៉ោង៧ព្រឹកថ្ងៃទី៩មករា ឆ្នាំ២០២៦ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើន១៩,៥១ មីលីក្រាមក្នុងមួយម៉ែត្រគូបខ្យល់ ធៀបនឹងស្តង់ដារ៥០មីលីក្រាមក្នុងមួយម៉ែត្រគូបខ្យល់ និងគិតជាសន្ទស្សន៍គុណភាពខ្យល់ គឺល្អណាស់។ តែបើផ្អែកលើទិន្នន័យបង្ហាញថា ខេត្តកំពង់ចាម ស្ថិតក្នុងពណ៌លឿង មានន័យថា «មធ្យម» ការបំពុលកម្រិតស្រាល។ ចំពោះមនុស្សទូទៅ អាចធ្វើសកម្មភាពចេញក្រៅផ្ទះបានជាធម្មតា ប៉ុន្តែអ្នកដែលមានសុខភាពទន់ខ្សោយ កំពុងមានអាការដូចជា ក្អក ពិបាកដកដង្ហើម រលាកភ្នែក ត្រូវកាត់បន្ថយការចេញខាងក្រៅ កុំចំណាយពេលយូរពេក។

ខេត្តបន្ទាយមានជ័យ បាត់ដំបង កណ្តាល កោះកុង ពោធិ៍សាត់ សៀមរាប និងខេត្តប៉ៃលិន ស្ថិតក្នុងពណ៌បៃតង មានន័យថា «គុណភាពខ្យល់ល្អ»។ ចំពោះ រាជធានីភ្នំពេញ ខេត្តបាត់ដំបង ព្រះវិហារ ស្វាយរៀង ឧត្តរមានជ័យ កំពង់ធំ ស្ទឹងត្រែង រតនគិរី ព្រះសីហនុ កំពង់ស្ពឺ មណ្ឌលគីរី កំពង់ឆ្នាំង កំពត ត្បូងឃ្មុំ ព្រៃវែង និងខេត្តកែប ស្ថិតក្នុងពណ៌ខៀវ មានន័យថា «គុណភាពខ្យល់ល្អណាស់» ពោលគឺអាចធ្វើដំណើរចេញក្រៅផ្ទះបាន។ ចំពោះខេត្តតាកែវ ក្រសួងបញ្ជាក់ការវាស់កម្រិតខ្យល់ មិនដំណើរការទ្បើយ៕





