
អន្តរតំបន់៖ តម្លៃប្រេងពិភពលោក បានបន្តហក់ឡើងពីរថ្ងៃជាប់ៗគ្នា នៅថ្ងៃសុក្រទី៩ ខែមករានេះ ដែលជាការកើនឡើងប្រចាំសប្តាហ៍លើកទីបីជាប់ៗគ្នា។ មូលហេតុចម្បងនៃការហក់ឡើងតម្លៃប្រេងឆៅ គឺដោយសារភាពមិនច្បាស់លាស់នៃរំហូរប្រេងពីប្រទេសវេណេហ្ស៊ុយអេឡា និងភាពវឹកវរក្នុងប្រទេសអ៊ីរ៉ង់ បង្កឱ្យមានការបារម្ភខ្លាំងពីការធ្លាក់ចុះនៃផលិតកម្មប្រេងសកល...។

ប្រេងឆៅ Brent បានឡើងថ្លៃ០,៧១ភាគរយ ដោយត្រូវបានជួញដូរក្នុងតម្លៃ៦២,៤៣ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ WTI របស់អាម៉េរិកត្រូវបានជួញដូរក្នុងតម្លៃ៥៨,១៥ដុល្លារក្នុងមួយបារ៉ែល កើនឡើង០,៦៨ភាគរយ។ ការហក់ឡើងនៃតម្លៃនេះ កើតឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្រកាសចូលគ្រប់គ្រងវិស័យប្រេងរបស់វេណេហ្ស៊ុយអេឡាទាំងស្រុង ក្រោយការចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ កាលពីសប្តាហ៍មុន។ បច្ចុប្បន្ន ក្រុមហ៊ុនយក្សដូចជា Chevron រួមទាំងក្រុមហ៊ុនជួញដូរធំៗដូចជា Vitol និងTrafigura កំពុងប្រជែងគ្នាដេញថ្លៃយកសិទ្ធិនាំចេញប្រេងពីវេណេហ្ស៊ុយអេឡា ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលអាម៉េរិក។

ក្រៅពីបញ្ហានៅអាម៉េរិកឡាទីន ស្ថានការណ៍នៅមជ្ឈិមបូព៌ា ក៏កំពុងឡើងកម្ដៅផងដែរ។ នៅក្នុងប្រទេសអ៊ីរ៉ង់ មានសេចក្ដីរាយការណ៍ពីការកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធឺណិតទូទាំងប្រទេស ចំពេលមានការតវ៉ាប្រឆាំងនឹងបញ្ហាសេដ្ឋកិច្ចកាន់តែខ្លាំងក្លា ដែលចំណុចនេះធ្វើឱ្យទីផ្សារពិភពលោកបារម្ភថា អាចប៉ះពាល់ដល់ការនាំចេញប្រេងរបស់អ៊ីរ៉ង់។ ជាមួយគ្នានេះ កម្ដៅសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលអាចនឹងឈានដល់ការវាយប្រហារលើការនាំចេញប្រេងរបស់រុស្ស៊ី ក៏ជាកត្តាជំរុញឱ្យតម្លៃប្រេងហក់ឡើងបន្ថែមទៀត។ យ៉ាងនេះក្ដី អ្នកវិភាគសេដ្ឋកិច្ចបានកត់សម្គាល់ថា ការងើបឡើងនៃតម្លៃនេះអាចនៅមានកម្រិត ប្រសិនបើបញ្ហានៅអ៊ីរ៉ង់មិនរីករាលដាលខ្លាំងជាងនេះទេ ព្រោះបច្ចុប្បន្នស្តុកប្រេងពិភពលោកនៅតែមានកម្រិតខ្ពស់ ដែលអាចជួយទប់ទល់នឹងការឡើងថ្លៃហួសហេតុបានខ្លះ៕



