អភិបាលរងខេត្តកោះកុងបញ្ជាក់ គិតត្រឹមព្រឹកថ្ងៃទី៩មករា មានដ្រូនហោះ៣លើកតាមបណ្ដោយព្រំដែន​
S
Sreyleak Yith
09 មករា 2026 06:00 AM

ក្រុងខេមរភូមិន្ទ៖ លោក ហាក់ ឡេង អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ បានបង្ហោះសារក្នុងទំព័រហ្វេសប៊ុក ដោយបញ្ជាក់ពីស្ថានការណ៍ព្រំដែនថា មានដ្រូនហោះ៣លើក...។

លោកអភិបាលរងខេត្តកោះកុង គូសបញ្ជាក់យ៉ាងដូច្នេះថា៖«ត្រឹមម៉ោង៦:00ព្រឹក ស្ថានភាពសន្តិសុខទីរួមខេត្តកោះកុង និងតាមបណ្ដោយព្រំដែនមានភាពធម្មតា មានដ្រូនហោះ៣លើកតាមព្រំដែន»។ ជាមួយគ្នា លោកអភិបាលរងអំពាវនាវ កុំឱ្យមានការបង្ហោះព័ត៌មានមិនពិតណាមួយ ដែលធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាច បើសិនជាស្រឡាញ់ប្រទេសជាតិ។ សូមជម្រាបថា មិនមែនមានតែខេត្តកោះកុងមួយទ្បើយ ដែលឃើញមានដ្រូនហោះ ជាក់ស្តែង បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃកម្ពុជា កាលពីយប់ថ្ងៃទី៧មករា ឆ្នាំ២០២៦ កន្លងទៅ ភាគីថៃបង្ហោះដ្រូនរំលោភចូលដែនអធិបតេយ្យកម្ពុជា ក្នុងនោះនៅខេត្តពោធិ៍សាត់មាន២គ្រឿង និងខេត្តព្រះវិហារ មាន២៥គ្រឿង។

លោក ហាក់ ឡេង អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង 
លោក ហាក់ ឡេង អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង 

ដូចដឹងហើយថា បើទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា បានបញ្ឈប់ត្រឹមកិច្ចព្រមព្រៀងក៏ដោយតែយោធាថៃ ហាក់បង្ហាញសកម្មភាពចង់តែរករឿងប្រទេសកម្ពុជាមិនឈប់ឈរ ជាក់ស្តែងដូចជា ការបង្ហោះដ្រូននេះជាដើម។ តែទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ធ បាននិងកំពុងយកចិត្តទុកដាក់ តាមដានសភាពការណ៍នៃការវិវត្តនៅសមរភូមិមុខជាប់ជាប្រចាំ ដោយប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីស្របច្បាប់៕

រូបភាពតំណាង
រូបភាពតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត