ក្រសួងការពារជាតិ ហាមដាច់ខាតមិនឱ្យបង្ហោះដ្រូនក្នុងបណ្តាខេត្តជាប់ព្រំដែន
S
Sreyleak Yith
30 ធ្នូ 2025 03:53 AM

រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣០ធ្នូនេះ បានអំពាវនាវ និងហាមឃាត់មិនឱ្យមានការបង្ហោះដ្រូនគ្រប់ប្រភេទនៅទូទាំងប្រទេស ជាពិសេសខេត្តចំនួន៧ ដែលជាប់ព្រំដែនជាមួយប្រទេសថៃដូចជា ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តប៉ៃលិន...

ក្រសួងការពារជាតិ គូសបញ្ជាក់ថា ប្រសិនបើមានអ្នកលួចបង្ហោះដោយគ្មានការអនុញ្ញាតពីក្រសួង នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់។ ក្នុងនោះ បញ្ជាការដ្ឋានកងទ័ពជើងអាកាស បញ្ជាការដ្ឋានការពារអាកាស កងរាជអាវុធហត្ថលើផ្ទៃប្រទេស រដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ ត្រួតពិនិត្យលើការបង្ហោះដ្រូននេះ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព ដល់កងទ័ព និងប្រជាពលរដ្ឋ។ សូមជម្រាបថា ការហាមមិនឱ្យបង្ហោះដ្រូននេះ ឈរលើមូលហេតុធំៗ៤យ៉ាង ដែលរួមមាន៖ ទី១.កំណត់ហេតុទិន្នន័យនៃការហោះហើរ និងផ្លូវហោះហើរ។ ទី២.ទិន្នន័យប្រអប់ខ្មៅ (ល្បឿនម៉ូត័រ GPS, IMU)។ 

ទី៣.ទិន្នន័យ EXIF Metadata ដែលបានភ្ជាប់ជាមួយរូបភាព និងវីដេអូដែលបានថតទុក (កូអរដោនេ GPS, រយៈកម្ពស់, ពេលវេលា, ប្រភេទកាមេរ៉ា) ទាញយករូបភាព និងវីដេអូដែលបានលុប។ ទី៤.ទីតាំង និងប្រវត្តិរុករក ដូចជា ទីតាំងហោះហើរពីមុន, ទីតាំងហោះឡើង និងចុះចត។ ទិន្នន័យទាំងនេះ ពួកសត្រូវអាចកំណត់ចំណុចជាក់លាក់នៃកូអរដោនេ GPS តាមដានទីតាំងរបស់ដ្រូន ដែលអាចប៉ះពាល់ដល់អាយុជីវិតរបស់កងទ័ព ឬចលនាយោធា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ និងធ្វើឱ្យមានភាពងាយស្រួលដល់ជនឈ្លានពានក្នុងការកំណត់ទីតាំង។ នេះបើតាមមន្រ្តីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត