
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចហាមឃាត់ការបង្ហោះដ្រូន ក្នុងខេត្តជាប់ព្រំដែនថៃចំនួន៩ របស់កម្ពុជាជាបន្តទៀត រហូតដល់មានការជូនដំណឹងជាថ្មី។ នេះបើតាមការប្រកាសរបស់ក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី២១សីហានេះ....។

ការបន្តហាមឃាត់បង្ហោះដ្រូន ក្នុងខេត្តទាំង៩ ត្រូវបានលោក ស សុខា បញ្ជាក់ថា ដោយសារតែភាគីថៃនៅតែបន្តបង្ហោះអាកាសយានគ្មានមនុស្សបើក (ដ្រូន) និងសត្វព្រាបបំពាក់ GPS ស៊ើបការណ៍ជារៀងរាល់ថ្ងៃចូលរំលោភបំពានដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ ដើម្បីពង្រឹង និងលើកកម្ពស់ការគ្រប់គ្រង និងធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងប្រទេសកម្ពុជា ក្រសួងមហាផ្ទៃ សម្រេចបន្តការហាមឃាត់ការបង្ហោះអាកាសយានគ្មានមនុស្សបើក (ដ្រូន) នៅក្នុងភូមិសាស្ត្រខេត្តពាក់ព័ន្ធទាំង៩ រួមមាន៖ ខេត្តឧត្ដរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កោះកុង សៀមរាប និងកំពង់ធំ។ ខេត្តទាំង៩ នឹងមិនអនុញ្ញាតឱ្យបង្ហោះដ្រូនជាដាច់ខាត ចាប់ពីចាប់ពីថ្ងៃទី២០សីហា ឆ្នាំ២០២៥ រហូតដល់មានការណែនាំថ្មី។

សូមជម្រាបថា កាលពីដើមខែសីហានេះ ក្រសួងមហាផ្ទៃបានដាក់ចេញនូវគោលការណ៍ហាមឃាត់មិនឱ្យមានការបង្ហោះដ្រូន នៅក្នុងភូមិសាស្ត្រខេត្តទាំង៩ រយៈពេល១៥ថ្ងៃរួចមកហើយ គិតចាប់ពីថ្ងៃទី៣-១៥សីហា។ សម្រាប់អ្នកមិនស្ដាប់តាមការណែនាំ ពោលនៅតែបង្ហោះដ្រូន នឹងត្រូវទទួលទោសទណ្ឌ និងវិធានការរដ្ឋបាលតាមច្បាប់កំណត់ជាធរមាន៕



