
អន្តររដ្ឋាភិបាល៖ មេដឹកនាំកំពូលនៃប្រទេសបារាំង និងអាល្លឺម៉ង់ បានចេញមុខមកវាយប្រហារចំៗ លើគោលនយោបាយការបរទេសរបស់រដ្ឋធានីវ៉ាស៊ីនតោន ក្រោមការដឹកនាំរបស់ លោក ដូណាល់ ត្រាំ ដោយប្រើសម្ដីធ្ងន់ៗមិនធ្លាប់មានពីមុនមក ក្នុងទំនាក់ទំនងជាសម្ព័ន្ធមិត្ត...។

ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានសម្ដែងការបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់អាម៉េរិកនៅវេណេហ្ស៊ុយអេឡា និងមហិច្ឆតារបស់ ត្រាំ លើដែនដី ហ្គ្រីនឡែន ដោយលោកបានព្រមានថា សហរដ្ឋអាម៉េរិកកំពុងចាកឆ្ងាយពីសម្ព័ន្ធមិត្តរបស់ខ្លួនជាបណ្ដើរៗ និងកំពុងបំបែកខ្លួនចេញពីច្បាប់ទម្លាប់អន្តរជាតិ។ លោក ម៉ាក្រុង បន្ថែមថា ពិភពលោកកំពុងស្ថិតក្នុងយុគសម័យនៃអាណានិគមនិយម និងចក្រពត្តិនិយមបែបថ្មី ដែលមហាអំណាចចង់បែងចែកទឹកដីគ្នា ត្រួតត្រាតាមចិត្តចង់។

ស្របពេលជាមួយគ្នា ប្រធានាធិបតីអាល្លឺម៉ង់ លោក ហ្វ្រង់-វ៉ាល់ធើរ ស្តែនម៉ៃយ័រ (Frank-Walter Steinmeier) ក៏បានប្រើសម្ដីយ៉ាងមុតស្រួចផងដែរ ដោយលោកបានប្រៀបធៀបសណ្ដាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន ថា៖[កំពុងប្រែក្លាយទៅជា «សំបុកចោរ» ដែលអ្នកមានអំណាច និងអ្នកគ្មានសីលធម៌ អាចឆក់ប្លន់អ្វីដែលពួកគេចង់បានតាមអំពើចិត្ត]។ លោកបានសង្កត់ធ្ងន់ថា ការដែលអាម៉េរិកបោះបង់ចោលគុណតម្លៃ ដែលខ្លួនធ្លាប់បានកសាងក្រោយសង្គ្រាមលោកលើកទី២ គឺជាការបាក់បែកជាប្រវត្តិសាស្ត្រដ៏គួរឱ្យរន្ធត់។

ទន្ទឹមនោះ ប្រទេសអឺរ៉ុបចំនួន៧ ចេញសេចក្តីថ្លែងការណ៍រួមគ្នា ដើម្បីការពារហ្គ្រីនឡែន ដោយបញ្ជាក់ថា ហ្គ្រីនឡែន ជារបស់ប្រជាជនហ្គ្រីនឡែន ហើយប្រសិនបើអាម៉េរិកហ៊ានប្រើកម្លាំងយោធាមែន វានឹងក្លាយជាទីបញ្ចប់នៃសម្ព័ន្ធភាពណាតូ ជាក់ជាមិនខាន។ លើសពីនេះ ការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការដកខ្លួនចេញពីស្ថាប័នអន្តរជាតិធំៗ ត្រូវបានមេដឹកនាំទាំងពីរមើលឃើញថា ជាការបំផ្លាញយន្តការសន្តិសុខ និងកិច្ចសហប្រតិបត្តិការសកល ដែលធ្លាប់ជាគ្រឹះនៃសន្តិភាពពិភពលោក៕


