អាល្លឺម៉ង់ងាកទៅទិញ F-35 ពីអាម៉េរិកវិញ ក្រោយគម្រោងផលិតយន្តហោះចម្បាំងរួមគ្នាជាមួយបារាំងជាប់គាំង
ហៀប ស៊ីថេត
12 ម៉ោងមុន

រដ្ឋធានីប៊ែរឡាំង៖ អាល្លឺម៉ង់កំពុងពិចារណាបញ្ជាទិញស្តេចយន្តហោះចម្បាំង F-35 ផលិតនៅសហរដ្ឋអាម៉េរិក ចូលឃ្លាំងបន្ថែមទៀត ខណៈការផ្លាស់ប្ដូរនេះ នឹងធ្វើឱ្យរដ្ឋធានីប៊ែរឡាំងទោរទន់កាន់តែខ្លាំងទៅលើដង្ហើមបច្ចេកវិទ្យាយោធាអាម៉េរិក បន្ទាប់ពីគម្រោងយន្តហោះចម្បាំងជំនាន់ក្រោយរួមគ្នាជាមួយបារាំង កំពុងជួបវិបត្តិធ្ងន់ធ្ងរ...។

ប្រភពមួយបានឱ្យដឹងថា រដ្ឋធានីប៊ែរឡាំង កំពុងចរចាទិញយន្តហោះចម្បាំង F-35 បន្ថែមជាង៣៥គ្រឿងទៀតពីអាម៉េរិក។ កាលពីឆ្នាំ២០២២ អាល្លឺម៉ង់បានចុះហត្ថលេខាទិញយន្តហោះចម្បាំង F-35 ចំនួន៣៥គ្រឿង ហើយនឹងចាប់ផ្តើមដឹកជញ្ជូនចាប់ពីចុងឆ្នាំនេះ។ ការបញ្ជាទិញបន្ថែម កើតឡើងក្នុងពេលដែលអាល្លឺម៉ង់ និងបារាំង ជាប់គាំងនៅក្នុងគម្រោង Future Combat Air System។ អ្នកវិភាគមួយចំនួនជឿថា អាល្លឺម៉ង់ និងបារាំង នឹងបោះបង់ការអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ទី៦ រួមគ្នា ប៉ុន្តែពួកគេនៅតែរក្សាកិច្ចសហប្រតិបត្តិការលើដ្រូន និងប្រព័ន្ធឌីជីថលតភ្ជាប់យន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើក។

យ៉ាងណា ការបញ្ជាទិញយន្តចម្បាំង F-35 ពីអាម៉េរិកបន្ថែមនេះ នឹងផ្តល់ពេលវេលាដល់អាល្លឺម៉ង់ ក្នុងការស្វែងរកដំណោះស្រាយសម្រាប់គម្រោងផលិតយន្តហោះចម្បាំងជំនាន់ទី៦ ដែលកំពុងតែជាប់គាំង។ គួរជម្រាបថា ការពង្រីកឃ្លាំងសព្វាវុធ ទិញយន្តហោះ F-35 ពីសហរដ្ឋអាម៉េរិក គឺជាជំហាននៃការផ្លាស់ប្ដូរយុទ្ធសាស្ត្រដ៏សំខាន់ឆ្ពោះទៅរកការធ្វើសមាហរណកម្មយោធាកាន់តែស៊ីជម្រៅជាមួយរដ្ឋធានីវ៉ាស៊ីនតោន ដ្បិតថា សេចក្តីសម្រេចនេះកំពុងដើរឆ្ងាយពីគោលដៅឯករាជ្យការពារជាតិអឺរ៉ុប ដែលបារាំង និងសម្ព័ន្ធមិតផ្សេងទៀត តែងតែរំពងសំឡេងថា៖«កុំពឹងលើដង្ហើមការពារជាតិអាម៉េរិកខ្លាំងពេក»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត