សុខភាព៖ វីតាមីន A មិនត្រឹមតែជំនួយដល់ភ្នែកប៉ុណ្ណោះទេ ហើយក៏មានសារសំខាន់ចំពោះមុខងារដទៃទៀតនៅក្នុងរាងកាយផងដែរ។ ចំពោះមូលហេតុ៥យ៉ាងនេះ បានបង្ហាញថា វីតាមីន A ចាំបាច់បំផុត ចំពោះរាងកាយដែលមិនអាចខ្វះបាន…។

១.ជួយពង្រឹងសុខភាពភ្នែក៖ កង្វះវីតាមីន A អាចបណ្ដាលឱ្យកើតជំងឺខ្វាក់មាន់ ពីព្រោះវីតាមីន A មានសារសំខាន់ណាស់ក្នុងការបំប្លែងពន្លឺដែលប៉ះទៅនឹងរ៉េទីន ដើម្បីក្លាយជាសញ្ញាមួយទៅកាន់ខួរក្បាល។ នៅពេលដែលខ្វះវីតាមីន A ការបំប្លែងពន្លឺមិនកើតឡើងប្រកបដោយប្រសិទ្ធភាពឡើយ ដែលកត្តានេះនឹងជះឥទ្ធិពលមិនល្អដល់ការមើលឃើញ។ ២.កាត់បន្ថយហានិភ័យនៃជំងឺមហារីក៖ ប្រសិនមានកម្រិតវីតាមីន A នៅក្នុងរាងកាយគ្រប់គ្រាន់ អាចមានហានិភ័យទាបនៅក្នុងការកើតជំងឺមហារីកមួយចំនួន។ ជាក់ស្តែងការប្រើប្រាស់ថ្នាំ beta-carotene ផ្ទុកទៅដោយវីតាមីន A អាចកាត់បន្ថយជំងឺមហារីកស្បូន សួត និងប្លោកនោម បានយ៉ាងមានប្រសិទ្ធភាព។ ក្នុងនោះ អាចរកវីតាមីន A បាននៅក្នុងត្រី សាច់ និងបន្លែបៃតង។

៣.សុខភាពឆ្អឹងរឹងមាំ៖ មនុស្សមួយចំនួនតែងគិតថា មានតែកាល់ស្យូម និងវីតាមីន D ប៉ុណ្ណោះ ដែលធ្វើឱ្យឆ្អឹងរឹងមាំ ប៉ុន្តែការគិតនេះ គឺមិនត្រឹមត្រូវទាំងស្រុងឡើយ។ យោងតាមការសិក្សាមួយ បង្ហាញថា អ្នកដែលមានកម្រិតវីតាមីន A ទាបមានហានិភ័យនៃការបាក់ឆ្អឹងច្រើនជាង អ្នកដែលមានកម្រិតវីតាមីន A គ្រប់គ្រាន់។ ៤.ទ្រទ្រង់ដល់ប្រព័ន្ធភាពស៊ាំ៖ វីតាមីន A មានសារសំខាន់ណាស់សម្រាប់ការផលិត និងមុខងារនៃកោសិកាឈាម-ស នៅក្នុងរាងកាយ ដែលទទួលខុសត្រូវក្នុងការប្រឆាំងនឹងភ្នាក់ងារបង្ករោគនៅក្នុងឈាម។ លើសពីនេះ កង្វះវីតាមីន A មិនត្រឹមតែបង្កើនឱកាសនៃការឆ្លងមេរោគប៉ុណ្ណោះទេ តែក៏ធ្វើឱ្យមិនងាយជាសះស្បើយពីជំងឺ។

៥.លើកកម្ពស់ការលូតលាស់ និងការមានកូន៖ វីតាមីនA គឺជាវីតាមីនដ៏សំខាន់មួយដែលមានភាពចាំបាច់ក្នុងការថែទាំប្រព័ន្ធបន្តពូជឱ្យមានសុខភាពល្អ។ យោងតាមការសិក្សាមួយបង្ហាញថា កង្វះវីតាមីន A មិនត្រឹមតែអាចប៉ះពាល់ដល់គុណភាពស៊ុតប៉ុណ្ណោះទេ ហើយក៏អាចជះឥទ្ធិពលដល់ការផ្សាំនៅក្នុងស្បូន។ លើសពីនេះ វីតាមីន A ក៏មានពាក់ព័ន្ធទៅនឹងការវិវត្ត ក៏ដូចជាការលូតលាស់ធម្មតានៃអំប្រ៊ីយ៉ុងថែមទៀតផង ប៉ុន្តែការញ៉ាំវីតាមីន A ច្រើនជ្រុលក៏អាចបង្កជាគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃបានដូចគ្នា៕ អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ
