ឆ្នាំ២០២៥ កម្ពុជាបើកទីផ្សារថ្មី នាំចេញផលិតផលទៅកាន់១៦៩ប្រទេស
S
Soriya Sou
09 មករា 2026 02:45 AM


រាជធានីភ្នំពេញ៖ កម្ពុជាធ្វើពិពិធកម្មទៅកាន់ពិភពលោកកាន់តែធំ ដោយបើកទីផ្សារថ្មីៗនាំចេញផលិតផលកើនដល់១៦៩ប្រទេស ឬទិសដៅក្នុងឆ្នាំ២០២៥ ខណៈកាលពីឆ្នាំ២០២៤ មានត្រឹមតែ១៦៤ប្រទេសប៉ុណ្ណោះ។ នេះបើតាមប្រសាសន៍របស់លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម...។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៨មករា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ការកើនឡើងទីផ្សារថ្មីសម្រាប់នាំចេញផលិតផល នឹងជួយចូលរួមលើកកម្ពស់កិត្តិនាម និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់នៃតំបន់ នៃទីផ្សារតំបន់និងសកល ព្រមទាំងបង្កើតតម្លៃបន្ថែមឱ្យកាន់តែខ្ពស់ នៅក្នុងខ្សែច្រវាក់តម្លៃសម្រាប់ផលិតកម្មនិងវិនិយោគិន។ បើតាម លោកស្រី ចម និម្មល ក្នុងឆ្នាំ២០២៥ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមាន៖ ប្រទេសចិន, អាស៊ាន, សហរដ្ឋអាម៉េរិក, សហភាពអឺរ៉ុប, ជប៉ុន, កាណាដា, ចក្រភពអង់គ្លេស, សាធារណរដ្ឋកូរ៉េ, អូស្ត្រាលី, ឥណ្ឌា, អេមីរ៉ាត់អារ៉ាប់រួម ជាដើម សម្រេចបានទំហំពាណិជ្ជកម្ម ក្នុងទឹកប្រាក់ប្រមាណជិត៦៦ពាន់លានដុល្លារសហរដ្ឋអាម៉េរិក

ចំណែក ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ រួមមាន៖ សម្លៀកបំពាក់, ស្បែកជើង, សម្ភារធ្វើដំណើរនិងកាបូប, អង្ករ, គ្រាប់ស្វាយចន្ទី, ស្ករត្នោត, ដំឡូងមី, សំបកកង់ឡាន, ជ័រកៅស៊ូ, គ្រឿងអេឡិចត្រូនិក, កង់, ខ្សែភ្លើងនិងបង្គុំខ្សែភ្លើង, គ្រឿងសង្ហារិម ចំណីសត្វជាដើម។ល។ លោកស្រី ចម និម្មល បានអះអាងថា ក្រសួងពាណិជ្ជកម្ម នឹងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មដោយពង្រឹងទីផ្សារដែលមានស្រាប់ ពង្រីកទីផ្សារថ្មីៗ ព្រមទាំងធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក និងរក្សាស្ថិរភាពទីផ្សារក្នុងស្រុក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត