កម្ពុជាកំពុងពង្រីកទីផ្សារនាំចេញ និងសាងកិត្តិនាមផលិតផលជាតិឱ្យមានភាពលេចធ្លោ តាមរយៈពិព័រណ៍អន្តរជាតិ
S
Soriya Sou
10 តុលា 2025 07:43 AM

រាជធានីភ្នំពេញ៖ កម្ពុជាបានបង្ហាញវត្តមានយ៉ាងលេចធ្លោក្នុងពិព័រណ៌អន្តរជាតិ និង បេសកកម្មពាណិជ្ជកម្មលំដាប់ពិភពលោកជាបន្តបន្ទាប់ ដែលជាស្ពានឱ្យកម្ពុជាអាចពង្រីកទីផ្សារនាំចេញ និងសាងភាពលេចធ្លោនៃកិត្តិនាមផលិតផលជាតិ នៅលើឆាកអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី១០តុលា ឆ្នាំ២០២៥…។

លោក សំហេង បូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ 
លោក សំហេង បូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ 

លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានដឹកនាំប្រតិភូកម្ពុជាចូលរួមដោយជោគជ័យនៅក្នុងពិព័រណ៍ ANUGA 2025 ជាពិព័រណ៍ពាណិជ្ជកម្មចំណីអាហារ និងភេសជ្ជៈដ៏ធំមួយក្នុងពិភពលោក កាលពីថ្ងៃទី៤-៨តុលា។ ពន្លាជាតិកម្ពុជានៅពិព័រណ៍ ANUGA 2025 បានដាក់តាំងបង្ហាញផលិតផលលំដាប់ខ្ពស់ និងសម្បូរបែបពីក្រុមហ៊ុនដែលមានសក្ដានុពលក្នុងការនាំចេញចំនួន៨ និងបានដាក់តាំងបង្ហាញផលិតផលខ្មែរ រួមមាន៖ គ្រាប់ស្វាយចន្ទី, ម្រេចកំពត, ផ្លែឈើសម្ងួត, និងស្ករត្នោត ខណៈពន្លាជាតិកម្ពុជាបានទាក់ទាញចំណាប់អារម្មណ៍អ្នកទិញ និងភ្ញៀវអន្តរជាតិយ៉ាងច្រើនផុសផុលមកពីបណ្តាប្រទេសអឺរ៉ុប និងប្រទេសដទៃទៀត។ ភ្ញៀវជាតិ-អន្តរជាតិ បាននាំគ្នាកោតសរសើរចំពោះគុណភាព និងភាពលេចធ្លោនៃផលិតផល ក៏ដូចជាលទ្ធភាពនៃការតាមដានប្រភពដើម នៃផលិតផលកម្ពុជា។

ក្នុងរយៈពេល៥ថ្ងៃនៃពិព័រណ៍ សហគ្រាសកម្ពុជាបានបញ្ជាក់ពីការផ្សាភ្ជាប់ប្រកបដោយផ្លែផ្កា ជាមួយដៃគូអាជីវកម្មដែលមានសក្តានុពល និងកិច្ច​សហការពាណិជ្ជកម្ម ដែលនឹងក្លាយជាការត្រួសត្រាយផ្លូវឈានទៅរកភាពជាដៃគូនាំចេញ និងកិច្ចសហការរយៈពេលវែងជាមួយអ្នកចែកចាយសកល។ ផ្អែកលើភាពជោគជ័យនៃពិព័រណ៍ ANUGA 2025 ក្រសួងពាណិជ្ជកម្ម ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តជំរុញពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា។ ក្រសួងពាណិជ្ជកម្ម នឹងបន្តដឹកនាំការចូលរួមរបស់កម្ពុជា ក្នុងបេសកកម្មពាណិជ្ជកម្មសកលឈានមុខគេ ដែលមានពិព័រណ៍ SIAL Paris ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែតុលា ឆ្នាំ២០២៦។

លោក សំហេង បូរ៉ា ប្រធានក្រុមការងារជំរុញការនាំចេញ បានអះអាងថា ការចូលរួមជាបន្តបន្ទាប់នៅក្នុងពិព័រណ៍អន្តរជាតិ និងបេសកកម្មពាណិជ្ជកម្មលំដាប់ពិភពលោកទាំងនេះ មានសារសំខាន់ខ្លាំងក្នុងការពង្រឹង និងពង្រីកទីផ្សារនាំចេញរបស់កម្ពុជា។ វាក៏ជួយកសាងភាពលេចធ្លោនៃកិត្តិនាមផលិតផលកម្ពុជា ក៏ដូចជាលើកកម្ពស់ការទទួលស្គាល់ «ផលិតផលកម្ពុជា» ក្នុងនាមជាប្រភពដ៏គួរឱ្យទុកចិត្ត នៅលើឆាកអន្តរជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត