«ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា» ត្រូវបានដាក់ឱ្យប្រើប្រាស់ សម្រួលដល់ពាណិជ្ជករទាញយកប្រយោជន៍
S
Soriya Sou
12 ធ្នូ 2025 08:45 AM

រាជធានីភ្នំពេញ៖ «ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា» ត្រូវបានក្រសួងពាណិជ្ជកម្ម សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា…។

លោកស្រី ចម និម្មល មានប្រសាសន៍ថា «ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា» ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយសម្រួលដល់ការចូលប្រើប្រាស់ ស្វែងរកព័ត៌មាន ដើម្បីទទួលការយល់ដឹង និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក។ ថ្នាលព័ត៌មាននេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជករ អ្នកនាំចេញ-នាំចូល និងភាគីពាក់ព័ន្ធ ឱ្យទទួលបានការយល់ដឹងបន្ថែមពីស្ថានភាព និងនីតិវិធីនៃការនាំចេញ និងជំរុញការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

វាក៏អនុញ្ញាតឱ្យធុរជន, វិនិយោគិន, អ្នកនាំចេញ, ផលិតករ, អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ អាចស្វែងរកហើយជ្រើសយកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម/កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីណាមួយ ដែលល្អសក្តិសមបំផុត ព្រមទាំងស្វែងយល់បន្ថែមនូវព័ត៌មានសំខាន់ៗនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក តាមរយៈមុខងារប្រៀបធៀបអត្រាពន្ធគយ និងវិធានដើមកំណើតទំនិញជាដើម ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពន្ធទាំងអស់។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអរគុណដល់រដ្ឋាភិបាលអូស្ត្រាលី និងក្រុមការងារមកពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលខិតខំប្រឹងប្រែងរហូតសម្រេចបានសមិទ្ធផលដ៏ល្អនេះ។

ក្នុងឱកាសដដែល លោកស្រី ចម និម្មល ក៏បានអំពាវនាវដល់វិស័យឯកជនពាក់ព័ន្ធ ជាពិសេសអ្នកនាំចេញ សូមប្រើប្រាស់ថ្នាលនេះឱ្យអស់លទ្ធភាព និងផ្សព្វផ្សាយបន្ថែមដល់សមាជិកសមាជិការបស់ខ្លួន ដើម្បីបញ្ចៀសនូវការបាត់បង់ផលប្រយោជន៍ ដោយប្រការណាមួយ ព្រមទាំងអាចចូលរួមជាធាតុចូលបន្ថែម ក្នុងករណីមានការខ្វះខាតដោយយថាហេតុផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត