សុខភាព៖ ក្រូចសើច គឺប្រភេទផ្លែឈើម្យ៉ាងដែលគ្រប់គ្នាស្គាល់ថា ជាគ្រឿងទេសសម្រាប់បន្ថែមក្លិនក្នុងម្ហូបអាហារឱ្យកាន់តែមានភាពឆ្ងុយ កាត់បន្ថយភាពឆ្អាបរបស់សាច់ លើសពីនេះ ផ្លែក្រូចសើច ក៏មានប្រយោជន៍ចំពោះរាងកាយ៥យ៉ាង។ ចំពោះគុណប្រយោជន៍ទាំងនោះ SBM News នឹងលើកយកមកជម្រាបជូនលោកអ្នកបានជ្រាបនៅពេលនេះ..។

១.ជួយថែទាំសក់៖ ផ្លែក្រូចសើច អាចប្រើប្រាស់សម្រាប់ការថែរក្សាសក់បាន ដោយគ្រាន់តែលោកអ្នកយកក្រូចសើចលាប នៅលើស្បែកក្បាល និងសក់ ដើម្បីជួយកាត់បន្ថយការជ្រុះសក់ ការពារពីការកើតអង្គែ ហើយក៏ជួយផ្ដល់សំណើមដល់ស្បែកថែមទៀតផង។ ២.ពង្រឹងប្រព័ន្ធភាពស៊ាំ៖ ផ្លែក្រូចសើច មានផ្ទុកសារធាតុប្រឆាំងបាក់តេរី និងប្រឆាំងអុកស៊ីតកម្ម ដែលសារធាតុទាំងពីរនេះអាចជួយដល់ការពង្រឹងប្រព័ន្ធភាពស៊ាំ។ ក្នុងនោះការទទួលទានក្រូចសើច ក៏អាចការពារពីជំងឺក្រពះ និងពោះវៀនជាច្រើនប្រភេទ ដែលអាចជួយជំរុញប្រព័ន្ធភាពស៊ាំ តាមរយៈឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម តែត្រូវប្រុងប្រយ័ត្ន ប្រេងដែលចម្រាញ់ចេញពីផ្លែក្រូចសើច មិនត្រូវយកមកបរិភោគដោយផ្ទាល់ឡើយ ព្រោះវាអាចបណ្ដាលឱ្យក្អួត ចង្អោរ វិលមុខ និងមានផលប៉ះពាល់មិនល្អផ្សេងៗទៀត។

៣.ជួយសុខភាពមាត់ធ្មេញ៖ ថ្វីបើមិនអាចបរិភោគផ្ទាល់បានដូចផ្លែឈើដទៃក៏ពិតមែន ប៉ុន្តែស្លឹក និងសម្បករបស់ក្រូចសើចអាចយកមកជូតលើអញ្ចាញធ្មេញ ដើម្បីការពារ និងកម្ចាត់បាក់តេរីមិនល្អក្នុងមាត់បាន។ ចំពោះប្រេងដែលចម្រាញ់ចេញផ្លែក្រូចសើច ក៏ត្រូវបានគេយកមកលាយជាមួយថ្នាំដុសធ្មេញ និងទឹកខ្ពុរមាត់ ដើម្បីជួយសម្អាតអញ្ចាញ បំបាត់ក្លិនមាត់ និងធ្មេញ។ ៤.ជួយប្រព័ន្ធរំលាយអាហារ៖ សារធាតុមួយចំនួនមាននៅក្នុងផ្លែក្រូចសើច អាចប្រឆាំងនឹងការរលាក និងអាចជួយជំរុញដល់ប្រព័ន្ធរំលាយអាហារ។ ប្រសិនបើមានអាការទល់លាមក ឬពិបាកក្នុងការរំលាយអាហារ ការបន្ថែមក្រូចសើចទៅក្នុងអាហារអាចជួយកាត់បន្ថយរោគសញ្ញាទាំងនេះ ហើយធ្វើឱ្យពោះវៀនវិលមករកភាពប្រក្រតីវិញ។ ក្រៅពីនេះ ក្រូចសើចក៏អាចរួមចំណែកជួយការពារបញ្ហាក្រពះ ពោះវៀនធ្ងន់ធ្ងរដូចជាមហារីកពោះវៀនធំ ដំបៅក្រពះ និងជំងឺឫសដូងបាត។

៥.ជួយកាត់បន្ថយការរលាក៖ អ្នកដែលមានជំងឺឈឺសន្លាក់ឆ្អឹង រលាកសន្លាក់ ហើម ឬជំងឺរលាកមួយចំនួនទៀត លោកអ្នក អាចប្រើទឹកក្រូចសើច ឬប្រេងក្រូចសើចលាបលើកន្លែងដែលមានអារម្មណ៍ថាឈឺ។ មួយវិញទៀត ការញុំអាហារមានបន្ថែមក្រូចសើច អាចជួយសម្រួលដល់អាការឈឺក្បាល និងឈឺក្បាលប្រកាំង៕ អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ


