ក្រោយម្ចាស់ត្រូវចាប់ខ្លួន ធនាគារជាតិ ផ្អាកដំណើរការធនាគារព្រីនស៍ តែអតិថិជននៅអាចដកប្រាក់បានធម្មតា
S
Soriya Sou
08 មករា 2026 06:00 AM


រាជធានីភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសជម្រះបញ្ជីធនាគារព្រីនស៍ ម.ក ស្របតាមច្បាប់ប្រទេសកម្ពុជា ហើយមិនអនុញ្ញាតឱ្យធនាគារនេះបន្ដធ្វើប្រតិបត្តិការថ្មីទៀត ប៉ុន្តែអតិថិជនដែលដាក់ប្រាក់បញ្ញើ នៅតែអាចដកប្រាក់បានជាធម្មតា…។

ធនាគារព្រីនស៍​ ត្រូវបានគេដឹងថា ជាធនាគាររបស់មហាសេដ្ឋីជនជាតិចិន លោក ចេន ហ្ស៊ី ដែលទើបត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួន។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី៨មករា ឆ្នាំ២០២៦ នេះ ធនាគារជាតិនៃកម្ពុជា បានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អឹមខេអេ អឌីត-អឹខោនធីង ឯ.ក ជាអ្នកជម្រះបញ្ជីធនាគារព្រីនស៍ ថែមទាំងទទួលបានសិទ្ធិគ្រប់គ្រង និងចាត់ចែងលើរាល់ប្រតិបត្តិការ និងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍ ចាប់ពីពេលជូនដំណឹងនេះតទៅ។ «ធនាគារព្រីនស៍ នឹងត្រូវបានផ្អាកមិនឱ្យផ្តល់សេវាធនាគារថ្មីទៀតទេ បូករួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន»។ នេះបើតាមការអះអាងរបស់ធនាគារជាតិ។

ទោះបីជាយ៉ាងណាក៏ដោយ ចំពោះអតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារព្រីនស៍ គឺអាចទៅដកប្រាក់បានធម្មតា ដោយត្រូវរៀបចំឯកសារដើម្បីដកប្រាក់បញ្ញើ ដែលនឹងមានការចាត់ចែងជូនទៅតាមលំដាប់អាទិភាព ស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ដោយឡែក ចំពោះអ្នកខ្ចីប្រាក់ពីធនាគារនេះ ត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី។ ធនាគារជាតិ បានប្រកាសបន្តតាមដានយ៉ាងប្រុងប្រយ័ត្នខ្ពស់បំផុតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ លើការអនុវត្តរបស់អភិបាលកិច្ចបណ្តោះអាសន្ន ដើម្បីការពារផលប្រយោជន៍អ្នកដាក់ប្រាក់បញ្ញើ ក៏ដូចជាអតិថិជននានា។

លោក ចេន ហ្ស៊ី ដែលទើបត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួន  
លោក ចេន ហ្ស៊ី ដែលទើបត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួន  

សូមជម្រាបថា ចំណាត់ការរបស់ធនាគារជាតិ លើធនាគារព្រីនស៍ នាពេលនេះ ធ្វើឡើងក្រោយ លោក ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ត្រូវបានគេដឹងថា ជាមេក្លោងឧក្រិដ្ឋជនឆបោកអនឡាញ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិនវិញ តាមសំណើរបស់សមត្ថកិច្ចចិន កាលពីថ្ងៃទី៦មករា ឆ្នាំ២០២៦៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត