
រាជធានីភ្នំពេញ៖ ដោយមើលឃើញពីសកម្មភាពក្នុងចេតនាទុច្ចរិតបោកប្រាស់ ប្រជាពលរដ្ឋ ពីសំណាក់ជនល្មើសមួយចំនួននៅតែបន្តមាន ធនាគារជាតិនៃកម្ពុជា បានចេញមកក្រើនរំឭកជាថ្មីឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ កុំជឿការបញ្ចុះបញ្ចូល បោកបញ្ឆោត ហើយព្រមផ្ញើរលុយ ឬព័ត៌មានផ្ទាល់ខ្លួនទៅអ្នកដទៃដោយមិនបានគិតល្អិតល្អន់…។

សេចក្ដីជូនដំណឹងរបស់ធនាគារជាតិ ចុះនៅថ្ងៃទី១៤ ខែវិច្ឆិកានេះ បានឱ្យដឹងថា កន្លងមកជនល្មើសមួយចំនួនបានប្រើប្រាស់ឈ្មោះ, និមិត្តសញ្ញា, និងរូបភាពថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើតព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយតាមបណ្តាញសង្គម ក្នុងបំណងទុច្ចរិត និងបោកប្រាស់ទ្រព្យសម្បត្តិរបស់ប្រជាជន ខណៈជនល្មើសមួយចំនួនទៀត បានប្រើល្បិចបោកបញ្ឆោតក្រោមទម្រង់ផ្សេងៗ ដូចជា៖ ការក្លែងបន្លំខ្លួនជាសាច់ញាតិដើម្បីស្នើសុំខ្ចីប្រាក់ ឬឱ្យផ្ទេរប្រាក់, ការក្លែងជាបុគ្គលិកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឬក្រុមហ៊ុនឯកជន ដើម្បីផ្តល់ព័ត៌មានក្លែងក្លាយអំពីរង្វាន់ ឬឱកាសការងារ ហើយតម្រូវឱ្យផ្ញើប្រាក់ជាមុន និងការបញ្ចុះបញ្ចូលទិញគណនីធនាគារ ឬលេខទូរសព្ទផ្ទាល់ខ្លួនដោយផ្តល់កម្រៃខ្ពស់ជាដើម។

ដូច្នេះ ដើម្បីចៀសវាងការចាញ់បោក ឬធ្លាក់ទៅក្នុងកលល្បិចរបស់ជនទុច្ចរិតទាំងនោះ ដែលអាចនាំឱ្យខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ហើយអាចជាប់ពាក់ព័ន្ធនឹងទង្វើខុសច្បាប់ជាយថាហេតុទៀតនោះ ធនាគារជាតិនៃកម្ពុជា បានក្រើនរំឭកដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ កុំចុចលើតំណភ្ជាប់គេហទំព័រ ឬផ្លែតហ្វមវិនិយោគដែលគ្មានប្រភពច្បាស់លាស់។ ជាពិសេស សូមកុំផ្ទេរប្រាក់ និងផ្តល់ព័ត៌មានផ្ទាល់ខ្លួន ឬលក់គណនីធនាគារ និងលេខទូរសព្ទខ្លួនឯងឱ្យអ្នកដទៃ។ ដោយឡែក ចំពោះពលរដ្ឋដែលបានជួបករណីបោកបញ្ឆោតរួចហើយ សូមប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរពាក់ព័ន្ធជាបន្ទាន់៕




