
រាជធានីភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយគណនីធនាគារ/គណនីទូទាត់…។

អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខាដោយលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ នៅព្រឹកថ្ងៃពុធទី១០ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីរួមគ្នាទប់ស្កាត់ការប្រើប្រាស់លេខទូរសព្ទខុសច្បាប់ (លេខមិនចុះឈ្មោះ) ឆបោកប្រាក់ប្រជាពលរដ្ឋស្លូតត្រង់។ ថ្លែងក្នុងពិធីខាងលើ លោកស្រី ជា សិរី បានអំពាវនាវដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចុចលើគេហទំព័រ និងតំណភ្ជាប់ ដែលមិនមានប្រភពច្បាស់លាស់។ លើសពីនេះ បងប្អូនប្រជាពលរដ្ឋមិនត្រូវផ្ទេរប្រាក់ ផ្តល់ព័ត៌មានផ្ទាល់ខ្លួន ឬ លក់គណនីធនាគារ និងលេខទូរសព្ទឱ្យបុគ្គលដទៃ ដែលពុំបានកាត់ឈ្មោះត្រឹមត្រូវនោះទេ។

ប្រធានធនាគារជាតិ ក៏បន្តជំរុញឱ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការប្រើប្រាស់ឈ្មោះ និមិត្តសញ្ញា និងរូបភាពថ្នាក់ដឹកនាំពីសំណាក់ជនខិលខូច ដើម្បីបង្កើតព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយតាមបណ្តាញសង្គម ក៏ដូចជាប្រើល្បិចបោកបញ្ឆោតក្រោមទម្រង់ផ្សេងៗ ដូចជា៖ ការក្លែងបន្លំខ្លួនជាសាច់ញាតិ ដើម្បីស្នើសុំខ្ចីប្រាក់ ឬឱ្យផ្ទេរប្រាក់, ការក្លែងបន្លំខ្លួនជាបុគ្គលិកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឬក្រុមហ៊ុនឯកជន ដើម្បីផ្តល់ព័ត៌មានក្លែងក្លាយអំពីរង្វាន់ ឬឱកាសការងារ ហើយតម្រូវឱ្យផ្ញើប្រាក់ជាមុន និងការបញ្ចុះបញ្ចូលទិញគណនីធនាគារ ឬលេខទូរសព្ទផ្ទាល់ខ្លួនដោយផ្តល់កម្រៃខ្ពស់ ជាដើម ក្នុងបំណងទុច្ចរិត និងបោកប្រាស់ទ្រព្យសម្បត្តិរបស់ប្រជាជន។

សូមជម្រាបថា រយៈពេល២ខែចុងក្រោយនេះ ក្រសួងមហាផ្ទៃទទួលបានបណ្ដឹងប្រមាណ២០០បណ្ដឹង ពាក់ព័ន្ធនឹងការបោកប្រាស់ប្រាក់ប្រមាណជាង៨សែនដុល្លារអាម៉េរិក តាមរយៈទូរសព្ទ និងបណ្ដាញទំនាក់ទំនងសង្គម។ នេះបើតាមរបាយការណ៍របស់លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕




