រដ្ឋបាលខេត្តកំពង់ធំ ចាប់ដៃជាមួយក្រុមហ៊ុនឯកជន សិក្សាបង្កើតសួនកសិ-ឧស្សាហកម្មលើដី៣០០ហិកតា
S
Soriya Sou
08 មករា 2026 03:00 AM

ក្រុងស្ទឹងសែន៖ រដ្ឋបាលខេត្តកំពង់ធំ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនឯកជន រ៉ូយ៉ាល់គ្រុបភ្នំពេញ អេសអ៊ីហ្សិត ម.ក. សិក្សាសមិទ្ធិលទ្ធភាពបង្កើតសួនកសិ-ឧស្សាហកម្ម សម្រាប់កែច្នៃកសិផល លើផ្ទៃដីប្រមាណ៣០០ហិកតា នៅក្នុងខេត្តកំពង់ធំ…។

<br />

ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបភ្នំពេញ កាលពីថ្ងៃទី៧មករា ឆ្នាំ២០២៦ អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ថ្លែងថា អនុស្សរណៈសិក្សាបង្កើតសួនកសិ-ឧស្សាហកម្ម នេះ គឺសម្រាប់ការកែច្នៃកសិផលនានា ដែលមិនផ្តោតលើការកែច្នៃគ្រាប់ស្វាយចន្ទីនោះទេ។ វាជាគម្រោងមួយ អមនឹងគម្រោងធំសួនឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទី ដែលគម្រោងទាំងពីរនេះ កំពុងត្រូវបានផ្តួចផ្តើម ជំរុញ និងគាំទ្រប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្ន រដ្ឋបាលខេត្តបាននិងកំពុងខិតខំធ្វើយ៉ាងណាអភិវឌ្ឍសេដ្ឋកិច្ចខេត្ត សំដៅលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ 
លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ 

ជាការឆ្លើយតប លោក អ៊ូអ៊ិម៉ាត់ស៊ូ ហីរ៉ូស៊ី (UEMATSU Hiroshi) នាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបភ្នំពេញ បានកោតសរសើរដល់ការអភិវឌ្ឍរបស់ខេត្តកំពង់ធំ ហើយលោកមានក្ដីរំពឹងខ្ពស់ លើភាពជោគជ័យនៃគម្រោងមួយនេះ។ ដោយឡែក លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានប្រសាសន៍ថា ការបង្កើតជាសួនកសិ-ឧស្សាហកម្ម គឺជាការបង្កើតជម្រើសមួយក្នុងការកសាងសេដ្ឋកិច្ចខេត្តកំពង់ធំ មានសេដ្ឋកិច្ចរឹងមាំ យូរអង្វែង។ ការបង្កើតសួនកសិ-ឧស្សាហកម្ម កែច្នៃកសិផលនានាក្នុងខេត្តកំពង់ធំ មុននាំចេញផលិតផលទាំងនោះទៅកាន់ទីផ្សារ នឹងជួយបង្កើនតម្លៃកសិផល ទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងពីទីផ្សារ និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋនៅក្នុងខេត្ត៕

លោក UEMATSU Hiroshi នាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបភ្នំពេញ 
លោក UEMATSU Hiroshi នាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបភ្នំពេញ 
លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ 
លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត