លៀស៣០តោនដឹកចេញពីស្រុកស្ទោងខេត្តកំពង់ធំ ត្រូវបានកងទ័ពព័ទ្ធចាប់
អុន សម្ផស្ស
03 តុលា 2025 04:15 AM

ក្រុងស្ទឹងសែន៖ ទោះស្ថិតក្នុងកាលៈទេសៈការពារទឹកដីពីការឈ្លានពានរបស់យោធាថៃ តែកម្លាំងជំនាញកងទ័ពនៅតែយ៉ាងសកម្ម ក្នុងការចូលរួមបង្រ្កាបបទលើ្មសនេសាទលើផ្ទៃបឹងទន្លេសាប។ ជាក់ស្តែង នៅម៉ោង២:៣០នាទីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ មន្ត្រីយោធា បានស្ទាក់ព័ទ្ធចាប់បានរថយន្តដឹកលៀសខុសច្បាប់ចំនួន៣០តោន ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកស្ទោង ខេត្តកំពង់ធំ...។ 

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៣តុលានេះ ប្រកាសថា លោកឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការដឹកនាំបង្រ្កាបបទលើ្មសនេសាទលើផ្ទៃបឹងទន្លេសាប បានចាត់កម្លាំងអង្គភាព ចំណុះយោធភូមិភាគទី៥ ដឹកនាំដោយវរសេនីយ៍ទោ ស វិបុល សហការជាមួយភាគីពាក់ព័ន្ធ ចុះបង្រ្កាបការជួញដូរ និងដឹកលៀសខុសច្បាប់ ចាប់បានរថយន្តចំនួន៣គ្រឿង រួមទាំងអ្នកបើកបរ។ រថយន្តទាំងនោះរួមមាន៖ ប្រភេទ FUSU ចំណុះ៥តោន ផ្ទុកលៀសចំនួន១៥តោន, រថយន្តកូរ៉េចំណុះ៥តោន ផ្ទុកលៀសចំនួន១០តោន និងមួយគ្រឿងទៀត គឺរថយន្តកែច្នៃមានផ្ទុកលៀសចំនួន៥តោន។ ក្រោយឃាត់ភ្លាមៗ មន្រ្តីយោធាបានបញ្ជូនទៅកងរាជអាវុធហត្ថខេត្តកំពង់ធំ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់រថយន្ត រីឯលៀសទាំង៣០តោន ត្រូវបានប្រគល់ជូនមន្រ្តីជំនាញ និងកងទ័ពដឹកយកទៅចាក់ចូលក្នុងបឹងទន្លេសាបវិញ។

តាមរយៈការចុះបង្ក្រាបបទល្មើសដឹកលៀសនេះ លោឧត្តមសេនីយ៍ទោ សេង ធារិន ថ្លែងគូសបញ្ជាក់ថា៖«ទោះបីកងទ័ពជាប់ដៃការពារបូរណភាពទឹកដី ពីការឈ្លានពានពីប្រទេសជិតខាងយ៉ាងណាក្ដី តែដៃម្ខាងការពារទឹកដី និងដៃម្ខាងបន្តការពារធនធានធម្មជាតិ លើផ្ទៃបឹងទន្លេសាប»។ ប្រធានគណៈបញ្ជាការដឹកនាំការបង្រ្កាបបទលើ្មសនេសាទលើផ្ទៃបឹងទន្លេសាបរូបនេះ ប្តេជ្ញាថា កងកម្លាំងនៅតែបន្តបង្រ្កាបបទលើ្មសផ្សេងៗដូចជា៖ ឆក់ក្ដៅ-ត្រជាក់ ដាក់របាំងស្បៃ លប[បណរ៉ាវ] ក្នុងតំបន់ព្រៃលិចទឹក និងការនេសាទដោយឧបករណ៍ខុសច្បាប់ជលផលផ្សេងៗទៀត ជារៀងរាល់ថ្ងៃ ដោយពុំមានការលើកលែង និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីធានាបាននូវការការពារធនធានធម្មជាតិ ជីវចម្រុះ លើផ្ទៃបឹងទន្លេសាប ដែលជាប្រភពនៃធនធានមច្ឆជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត