
រាជធានីភ្នំពេញ៖ របបខ្យល់មូសុងឦសាន បានបក់បោកមកលើសមុទ្ទចិនខាងត្បូង សមុទ្ទកម្ពុជា សមុទ្ទអាន់ដាម៉ាន់ និងអាងទន្លេមេគង្គ។ ស្ថានភាពនេះ ធ្វើឱ្យតំបន់ខ្ពង់រាប មានសីតុណ្ហភាពចុះមកត្រឹម២៨អង្សាសេ និងមានខ្យល់បក់កើនដល់៦ម៉ែត្រក្នុងមួយវិនាទី ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦...។

មន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អះអាងថា តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា១៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា២៨អង្សាសេ។ មានខ្យល់បក់មកពីទិសឧត្តរ និងទិសឦសាន ក្នុងល្បឿន៦ម៉ែត្រក្នុង១វិនាទី តែយ៉ាងណា ខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹងត្រែង តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក មិនមានភ្លៀងធ្លាក់ទ្បើយ។

រីឯ តំបន់មាត់សមុទ្ទ សីតុណ្ហភាពមធ្យមអប្បបរមា១៨អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣០អង្សាសេ។ ក្នុងនោះខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍ ក្នុងល្បឿនមធ្យម៥ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ពុំមានភ្លៀងធ្លាក់ទេ។ រលកសមុទ្ទមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,០០ម៉ែត្រ។

ដោយទ្បែក តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា១៧អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា២៩អង្សាសេ។ ជាមួយគ្នា មានខ្យល់បក់មកពីទិសឧត្តរ និងទិសឦសាន មានល្បឿនមធ្យម៥ម៉ែត្រក្នុងមួយវិនាទី ប៉ុន្តែ រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង តាកែវ គ្មានភ្លៀងធ្លាក់ឡើយ៕




