រាជធានីបាងកក៖ នាយកដ្ឋានធនធានរ៉ែរបស់ប្រទេសថៃ បានចេញសេចក្តីព្រមានខេត្តចំនួន២៨ ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះព្យុះទីហ្វុងកាជិគី (Kajiki) ដែលអាចបង្កឱ្យមានហានិភ័យខ្ពស់នៃការរអិលបាក់ស្រុតដី និងគ្រោះទឹកជំនន់ភ្លាមៗ ខណៈអាជ្ញាធរកំពុងរៀបចំ និងតាមដានស្ថានការណ៍យ៉ាងដិតដល់។

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ មជ្ឈមណ្ឌលប្រតិបត្តិការភូមិសាស្ត្រនៃនាយកដ្ឋានធនធានរ៉ែ ចំណុះក្រសួងធនធានធម្មជាតិ និងបរិស្ថាន បានចេញសេចក្តីជូនដំណឹងមួយ តាមដានគ្រោះរញ្ជួយដី និងគ្រោះទឹកជំនន់ភ្លាមៗ។ បណ្តាញអ្នកស្ម័គ្រចិត្តសម្រាប់ការព្រមានអំពីគ្រោះថ្នាក់តាមភូមិសាស្ត្រ និងសាធារណជនទូទៅក្នុងខេត្តជាច្រើន ត្រូវបានស្នើឱ្យមានការប្រុងប្រយ័ត្នចំពោះការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ ចាប់ពីថ្ងៃទី២៥ ដល់២៨ ខែសីហា ឆ្នាំ២០២៥។

ខេត្តរងគ្រោះរួមមាន៖ ខេត្តម៉ែហុងសុន (แม่ฮ่องสอน), ឈៀងម៉ៃ (เชียงใหม่), ឈៀងរ៉ៃ (เชียงราย), ផៈយ៉ៅ(พะเยา), ណាន(น่าน), ព្រែ (แพร่), ឡាំប៉ាង(ลำปาง), ឡាំភូន(ลำพูน), ឧត្តរទិត្យ(อุตรดิตถ์), សុខោទ័យ(สุโขทัย), ពិស្ណុលោក (พิษณุโลก), ពេជ្រប៊ុន(เพชรบูรณ์), តាក(ตาก), ជ័យភូមិ(ชัยภูมิ), លើយ (เลย), ណងខៃ(หนองคาย), ណងប៊ួឡាំភូ (หนองบัวลำภู), ឧត្តរធានី(อุดรธานี), កញ្ចនបុរី(กาญจนบุรี), នគរនាយក(นครนายก), ព្រះជិនបុរី (ปราจีนบุรี), រយ៉ង(ระยอง), ចន្ទបុរី(จันทบุรี), ខេត្តត្រាច(ตราด), ជម្ពូរ(ชุมพร), រៈណង(ระนอง), ផាងង៉ា(พังงา), ខេត្តភូកេត(ภูเก็ต) និងរាជធានីបាងកកផងដែរ។

យោងតាមព័ត៌មានពីនាយកដ្ឋានឧតុនិយម ប្រទេសថៃនឹងមានភ្លៀងធ្លាក់នៅតំបន់ខ្លះ និងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងជើង ភាគឦសាន ភាគខាងកើត និងឆ្នេរខាងលិចនៃភាគខាងត្បូង។ ភ្លៀងធ្លាក់ខ្លាំងអាចបណ្ដាលឱ្យមានគ្រោះទឹកជំនន់ជន់លិចភ្លាមៗ ជាពិសេស នៅតំបន់ភ្នំនៅជិតផ្លូវទឹក និងតំបន់ទំនាប។ នេះដោយសារខ្យល់មូសុងបក់ពីភាគខាងជើង និងភាគឦសានខាងលើ គួបផ្សំនឹងខ្យល់មូសុងនិរតី គ្របដណ្តប់លើសមុទ្ទអាន់ដាម៉ាន់ និងឈូងសមុទ្ទថៃ។ សាធារណជន និងបណ្តាញក្រុមអ្នកស្ម័គ្រចិត្តរបស់នាយកដ្ឋានធនធានរ៉ែ ត្រូវបានស្នើឱ្យរៀបចំ តាមដានជាបន្តបន្ទាប់សម្រាប់គ្រោះថ្នាក់ និងការវាស់វែងកម្រិតទឹកភ្លៀង៕

